ឃាត់ខ្លួន​បុរស​ម្នាក់ ក្រោយ​ធ្វើ​សកម្មភាព​ប្រើ​ឈើ​ជ្រុង​វាយ​សម្លាប់​មនុស្ស​ម្នាក់

0

សៀមរាប ៖ នា​វេលា​ម៉ោង​៧​និង​០០​នាទី ថ្ងៃ​ទី​០៥ ខែមករា ឆ្នាំ​២០២២ មាន​ករណី​ឃាតកម្ម​មួយ​កើតឡើង​នៅ​ភូមិ​រាជ​ជ​ន្ទ​ល់ ឃុំ​ស្រែ​ខ្វាវ ស្រុក​អង្គរជុំ ខេត្តសៀមរាប ។

បន្ទាប់​ពី​មាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ពិនិត្យ ស្រាវជ្រាវ​និង​បើក​ការ​ស៊ើបអង្កេត​ជុំវិញ​ករណី​នេះ ។

ជន​រង​គ្រោះ​ឈ្មោះ សឿ​យ អឿ​យ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​មិន​ពិត​ប្រា​កកដ មាន​ទីលំនៅ​ភូមិ​ទឹកថ្លា ឃុំ​ស្រែ​ខ្វាវ ស្រុក​អង្គរជុំ ខេត្តសៀមរាប​។ តាម​ការ​ពិនិត្យ​របស់​សមត្ថកិច្ច​ជំនាញ​ស្ថានភាព​សព​ដេក​ស្លាប់​ផ្ងា​ពោះ ពាក់អាវ​យឺត​ដៃ​វែង​ពណ៌​ប្រផេះ ស្លៀកខោ​យឺ​ជើង​ខ្លី ពណ៌​ខ្មៅ ឆ្នូត​ខៀវ ។

ស្លាកស្នាម​នៅ​លើ​សាកសព​មាន​ស្នាម​បែកក្បាល​ផ្នែក​ខាងក្រោយ មាន​ឈាម​ហូរ​ចេញពី​ច្រមុះ និង​មាន​ស្នាម​ដាច់​រលាត​ត្រង់​ថ្ងាស​(​ស្នាម​អូស​)​។ សមត្ថកិច្ច​បាន​ស្រាវជ្រាវ​រក​ឃើញ​វត្ថុ​តាង​មួយ​ចំនួន​រួម​មាន ៖ ដំបង​ឈើ​ជ្រុង​ទំហំ ៥​សង្ទីម៉ែត្រ ប្រវែង​១៣៨​សង្ទីម៉ែត្រ​, មួក​សាច់​កំណាត់​ប៉ា​រ៉ា​ប្រឡាក់​ឈាម​១ ស្បែកជើង​ពណ៌​លឿង ចំនួន​១​គូ ។

ក្រោយ​កិច្ច​ប្រតិបត្តិការ​ដោយ​កម្លាំង​ចម្រុះ នៅ​វេលា​ម៉ោង​១៦​និង​៥០​នាទី ថ្ងៃ​ទី​០៥ ខែមករា ឆ្នាំ​២០២២ សមត្ថកិច្ច​បាន​ចាប់ខ្លួន​ជនសង្ស័យ​ឈ្មោះ ផា​ន់ សូ​យ បាន​នៅ​ចំណុច​ក្បែ​សាលាឆទាន ភូមិ​រលំ ឃុំ​ស្រែ​ខ្វាវ ស្រុក​អង្គរជុំ​។

ជនសង្ស័យ​បាន​សារភាព​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​យក​ដំបង​ឈើ​ជ្រុង​ដែល​សមត្ថកិច្ច​នគរ​បាន​ធ្វើការ​ចាប់​យក វាយ​ទៅ​លើ​ជន​រង​គ្រោះ បណ្តាល​ឲ្យ​រង​របួស​យ៉ាងធ្ងន់ធ្ងរ ហើយ​អូស​យក​ទៅ​ក្បែរ​មាត់​ស្រះ​ក្រោយ​ផ្ទះ ។ ដោយ​ឃើញ​ជន​រង​គ្រោះ​នៅ​មាន​ដង្ហើម ខ្លួន​ក៏​អូស​ជន​រង​គ្រោះ​មក​ទុក​ក្បែរ​ផ្ទះ​វិញ ហើយ​គេចខ្លួន​តែ​ម្តង ។ ចំណែក​មូលហេតុ​ដែល​នាំ​ឲ្យ​រូបគេ​ធ្វើ​បែប​នេះ ដោយសារ​នៅ​ល្ងាច​កើតហេតុ​ខ្លួន និង​ជន​រង​គ្រោះ មាន​ទំនាស់​នឹង​គ្នា​រឿង​ធ្វើ​ម្ហូប ។

បច្ចុប្បន្ន ជនសង្ស័យ​រួម​ជាមួយ​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​ជំនាញ​ឃាត់ខ្លួន និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​អនុវត្ត​នីតិវិធី ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ