បាត់ដំបង ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួន ពាក់ព័ន្ធករណីប៉ុនប៉ងរំលោភសេពសន្ថវៈលើនារីម្នាក់កំពុងសម្រាកនៅកន្លែងធ្វើការ តែមិនបានសម្រេច ។
ករណីនេះកើតឡើងនៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ វេលាម៉ោង០០និង១៦នាទី ឈានចូលថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២ ត្រង់ចំណុចក្រុមទី១ ភូមិដុបក្រសាំង ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។
ជនសង្ស័យឈ្មោះ សុន វិសាល ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិថ្នល់បត់ ឃុំភ្នំតូច ស្រុក មង្គលបុរី ខេត្តបន្ទាយមានជ័យ បានធ្វើសកម្មភាពយកទួឡឺវីសមួលវីសជញ្ជាំងកុងផ្លាកេរួចយកដៃឆ្កឹះគន្លឹះទ្វារចូលទៅក្នុងបន្ទប់ប៉ុនប៉ងរំលោភនារីម្នាក់ឈ្មោះ ឈ.វម អាយុ២២ឆ្នាំ មានទីលំនៅភូមិស្ពង់ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង (បច្ចុប្បន្នស្នាក់នៅធ្វើការកន្លែងកើតហេតុខាងលើ) តែត្រូវជនរងគ្រោះភ្ញាក់ដឹងខ្លួនទាន់នឹងស្រែកអោយគេជួយ ជនសង្ស័យខាងលើបានចូលទៅដេកក្នុងបន្ទប់របស់ខ្លួនវិញ ។
បន្ទាប់ពីទទួលព័ត៌មាន កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃតូច សហការជាមួយកម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សី ដឹកនាំដោយលោកវរសេនីយ៍ឯក ស គឹមឡុង ជាអធិការ បានចុះដល់កន្លែងកើតហេតុ និងធ្វើការឃាត់ខ្លួនជនសង្ស័យ បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកមោងឫស្សីដើម្បីសាកសួរ ។
ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាមានបំណងប្រព្រឹត្តិសកម្មភាពប៉ុនប៉ងចាប់រំលោភទៅលើជនរងគ្រោះពិតប្រាកដមែន តែមិនបានសម្រេច ។
ករណីនេះ ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងដោយមានការសម្របសម្រួលលើនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជវអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង កម្លាំងនគរបាលជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តបន្តតាមនីតិវិធី ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ