ព្រះសីហនុ៖ មន្ត្រីរដ្ឋបាលខេត្តឲ្យដឹងថា មានភ្ញៀវទេសចរណ៍ មកកម្សាន្ដនៅខេត្តព្រះសីហនុ ក្នុងពិធីបុណ្យឆ្លងឆ្នាំសកល នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១នេះសរុបចំនួនជាង ៥២ ០០០នាក់ ។
ភ្ញៀវទេសចរណ៍បានចូលលេងកម្សាន្តនៅតាមបណ្តោយឆ្នេរសមុទ្រ ចាប់ពីឆ្នេរអូឈើទាល រហូតដល់ដើមឈើចាំស្នេហ៍ ដែលជាភ្ញៀវទេសចរណ៍មកពីរាជធានី ខេត្ត នៃព្រះជាណាចក្រកម្ពុជា ដើម្បីឆ្លងឆ្នាំសកល ២០២១-២០២២ ។
ជាមួយគ្នានេះ គណៈបញ្ជាការឯកភាពខេត្ត បានដាក់ចេញនូវវិធានការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ ដោយមានកម្លាំងសមត្ថកិច្ច ចេញល្បាត និងឈរជើងនៅតាមចំណុចគោលដៅសំខាន់ៗក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ដើម្បីធានាសុវត្ថិភាពជូនភ្ញៀវ នៅតាមបណ្តោយឆ្នេរសមុទ្រ និងទីសាធារណៈនានាជូនដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ប្រកបដោយសុវត្ថិភាព។
បើតាមមន្ត្រីមន្ទីរទេសចរណ៍ខេត្តឲ្យដឹងថា ផ្ទះសំណាក់ និងសណ្ឋាគារ នៅតាមដងផ្លូវធំៗក្នុងក្រុងព្រះសីហនុ ត្រូវបានភ្ញៀវកក់ទុកពេញអស់ហើយ ដោយឡែកសម្រាប់ បឹងហ្ការឡូ នៅតាមបណ្តាកោះវិញ ក៏ត្រូវបានភ្ញៀវកក់ទុកពេញអស់ចាប់ពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១កន្លងមក ម្យ៉ាងទៀតនៅតាមបណ្តោយឆ្នេរខ្សាច់សាធារណៈ ភ្ញៀវទេសចរបានបោះតង់ ឬក្រាលកន្ទេលពេញ ក្នុងពិធីបុណ្យឆ្លងឆ្នាំសកលនេះ៕
ប្រភព៖ Huy Bunleng News