ព្រះសីហនុ៖ មានគ្រោះថ្នាក់ចរាចរណ៍មួយករណីកាលពីម៉ោងជាង១០យប់ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ តាមផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ២០១-២០២ ភូមិអូរតាសេក ក្នុងឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ខេត្តព្រះសីហនុ។
សមត្ថកិច្ចឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងរវាងរថយន្តចំនួន៣គ្រឿង គឺរថយន្តម៉ាក FORD RANDER ពណ៌ប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2Z-5503 មានទិសដៅភ្នំពេញ-ខេត្តព្រះសីហនុ អ្នកបើកបរឈ្មោះ កួត លក្ខណា ភេទស្រី អាយុ៥០ឆ្នាំ និងអ្នករួមដំណើរ០១នាក់ទៀតឈ្មោះ អុឹង សុីចេង ភេទស្រី អាយុ២២ឆ្នាំ អ្នកទាំង០២នាក់ មានទីលំនៅខណ្ឌឬស្សីកែវរាជធានីភ្នំពេញ មកដល់ចំណុចកើតហេតុរថយន្តនេះបានកៀរប៉ះនឹងរថយន្ដកុងតឺនរ័ ០១គ្រឿងម៉ាក STERLING ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 3C-7731 ទិសដៅផ្ទុយគ្នា (មិនទាន់ស្គាល់អត្តសញ្ញាណអ្នកបើកបរ) ស្របពេលនោះក៍មានរថយន្ដ០១គ្រឿងទៀតម៉ាក LEXUS 300 ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2V-5216 មានទិសដៅផ្ទុយគ្នា អ្នកបើកបរឈ្មោះ ផូ ណារិន ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិតាសូរ ឃុំឬស្សីស្រុក ស្រុកពាមជរ ខេត្តព្រៃវែង មកដល់ចំណុចកើតហេតុ ក៍បានបុកប៉ះគ្នាចំពីមុខ បណ្តាលឲ្យរថយន្តរងការខូចខាត។ បើតាមសមត្ថកិច្ចថាគ្រោះថ្នាក់ចរាចរណ៍នេះមានមនុស្សម្នាក់រងរបួស មធ្យម ឈ្មោះ អុឹង សុីចេង ជាអ្នករួមដំណើរក្នុងរថយន្ដ ម៉ាកFORD RANGER ។
ក្រោយកើតហេតុ អ្នកបើកបររថយន្ដកុងតឺនរ័បានរត់គេចខ្លួនបាត់ ចំណែកអ្នករងរបួសបញ្ជូនទៅមន្ទីរពេទ្យ ក្នុងនោះសមត្ថកិច្ចក៍បាននាំយករថយន្តមករក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដោះស្រាយបន្ត៕
ប្រភព៖ Huy Bunleng News