ភ្នំពេញ ៖ ក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀនឆ្លងដែនចំនួន៩នាក់ ត្រូវបានសមត្ថកិច្ចប្រឆាំងគ្រឿងញៀនកម្ពុជានិងចិន សហការស្រាវជ្រាវបង្ក្រាបចាប់ខ្លួន និងរឹបអូសគ្រឿងញៀនជិត៣៥០គីឡូក្រាម រួមទាំងចាប់យកទ្រព្យសម្បត្តិមួយចំនួនទៀត។
ការចាប់ខ្លួនក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀនឆ្លងដែនទាំងនេះ ដោយអនុវត្តតាមបញ្ជារបស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន និងក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១៧និង៥៥នាទី សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន(ក១) ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរ លោកវរសេនីយ៍ឯក ម៉ាក់ សេរីវឌ្ឍនា នាយករងមន្ទីរ លោកវរសេនីយ៍ទោ ហុង សុវណ្ណារិទ្ធ នាយការិយាល័យ(ក១) ចូលរួមសហការពីកម្លាំងជំនាញនៃនាយកដ្ឋានស៊ើបការណ៍ខាងក្រៅនិងបច្ចេកទេស សមត្ថកិច្ចគយកំពង់ផែព្រះសីហនុ និងកម្លាំងជំនាញស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលពីលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានដំណើរការស្រាវជ្រាវបង្ក្រាបនិងចាប់ខ្លួនក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀនឆ្លងដែន ដែលករណីនេះផ្ដើមចេញពីកិច្ចសហប្រតិបត្តិការជាមួយសមត្ថកិច្ចចិន។ បន្ទាប់ពីសមត្ថកិច្ចកម្ពុជាទទួលបានព័ត៌មានជំនាញហើយ ក៏បានបើកការស៊ើបអង្កេតអស់រយៈពេលជាង៤ខែ ទើបឈានទៅបង្ក្រាបព្រមៗគ្នាតែម្តង ដោយសមត្ថកិច្ចចិនក៏បានបង្ក្រាបក្រុមឧក្រិដ្ឋជនពាក់ព័ន្ធនៅឯប្រទេសចិនផងដែរ។
ជាលទ្ធផល កិច្ចប្រតិបត្តិការបង្ក្រាបនេះ នៅ២គោលដៅផ្សេងគ្នា គឺគោលដៅទី១ នៅចំណុចវីឡាភ្លោះលេខ២១ ផ្លូវលេខ R03 កែងផ្លូវលេខ R07 ស្តាផ្លាទីនឹម បុរីប៉េងហួតបឹងស្នោ សង្កាត់និរោធ ខណ្ឌច្បារអំពៅ និងគោលដៅទី២ នៅចំណុចភោជនីយដ្ឋានអីយិនម៉ាថូវ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀនឆ្លងដែនទាំង៩នាក់រួមមាន ៖
១-ឈ្មោះ ហ្វាង រុយម៉ីង (HUANG RUI MING) ភេទប្រុស កើតឆ្នាំ១៩៦៣ ជា(មេខ្លោង)។
២-ឈ្មោះ លី អ៊ីណាន (LI YI NAN) ភេទប្រុស កើតឆ្នាំ១៩៨៣
៣-ឈ្មោះ ស៊ុន លៀង (SUN LIANG) ភេទប្រុស កើតឆ្នាំ១៩៧៩
៤-ឈ្មោះ ស៊ុន ហាយថាវ (SUN HAI TAO) ភេទប្រុស កើតឆ្នាំ១៩៨០
៥-ឈ្មោះ ឡេវ វីឈិង (LIU WEI CHENG) ភេទប្រុស កើតឆ្នាំ១៩៦៩ ។
៦-ឈ្មោះ ឆឹន ហ្សីឈាន់ (CHEN ZHI QUAN) ភេទប្រុស កើតឆ្នាំ១៩៥៥
៧-ឈ្មោះ វ៉ាង ឡី WANG LEI ភេទប្រុស កើតឆ្នាំ១៩៩០
៨-ឈ្មោះ ហ្វាង យី (WANG YUE) ភេទប្រុស កើតឆ្នាំ១៩៨២
៩-ឈ្មោះ ស៊ូ ឆាវប៉ី (ZHU XIAO FEI) ភេទប្រុស កើតឆ្នាំ១៩៨២
ចាប់យកវត្ថុតាងរួមមាន ៖ គ្រឿងញៀនប្រភេទ មេតំហ្វេតាមីន(ICE) សរុបរួមទម្ងន់ ៣៤៧គីឡូក្រាម ៤២៧,៩៩ក្រាម (លាក់ក្នុងបំពង់ដែក ៣៦៧ដើម និង៦១កញ្ចប់ធំ) ជញ្ជីងថ្លឹងគ្រឿងញៀន២គ្រឿង និងសម្ភារវេចខ្ចប់មួយចំនួន។
ចាប់យកទ្រព្យសម្បត្តិរួមមាន ៖
១/រថយន្ត១គ្រឿង ម៉ាក TOYOTA ALPHARD ពាក់ស្លាក់លេខ ភ្នំពេញ 2BE-2973
២/ម៉ូតូមួយគ្រឿងម៉ាក HONDA PCX ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1FE-5946
៣/ទូរស័ព្ទដៃ ចំនួន ១០គ្រឿង
៤/ប្រាក់ ៣០០ ដុល្លារអាមេរិក។
សូមបញ្ជាក់ថា ៖ ” ក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀនឆ្លងដែន បានរៀបចំបញ្ជូនបំពង់ដែកមកកម្ពុជា ហើយលួចច្រកគ្រឿងញៀន បំរុងបញ្ជូនតាមផ្លូវសមុទ្រទៅប្រទេសទី៣” ។ បច្ចុប្បន្ន ក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀនឆ្លងដែនទាំងនេះ ព្រមទាំងវត្ថុតាងចាប់យកខាងលើ បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ