នៅ​ក្នុង​ថ្ងៃ​ទី​១ នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ មាន​បេក្ខជន​អវត្តមាន​រហូតដល់ទៅ…

0

ភ្នំពេញ​៖ ថ្ងៃ​ទី​១ នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​សម័យ​ប្រឡង​៖ ២៧ ធ្នូ ២០២១ បាន​បញ្ចប់​ទៅ​ដោយ​ជោគជ័យ មិន​មាន​បាតុភាព​មិន​ប្រក្រតី​ណាមួយ​កើតឡើង​គួរ​ឱ្យ​កត់សម្គាល់​ឡើយ ដោយ​បេក្ខជន​បាន​គោរព​តាម​បទ​ប្បញ្ញត្តិ​ដែល​ដាក់​ចេញ​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា​។

បេក្ខជន​ប្រឡង​ឆ្នាំ​នេះ មាន​ចំនួន​១១៤ ១៨៣​នាក់ ស្រី​៦០៣៩៧​នាក់ មាន ២០៤ មណ្ឌល ៤៦១៦ បន្ទប់ ។ ចំនួន​បេក្ខជន​អវត្តមាន​ថ្ងៃនេះ​មាន​ចំនួន​៤២២៤​នាក់ (​ស្រី​១៧៩៤​នាក់​) ត្រូវជា​ភាគរយ​៣,៧ %​។ សម្រាប់​ការ​ប្រឡង​នា​ថ្ងៃ​ទី​១​នេះ ថ្នាក់​វិទ្យាសាស្ដ្រ​បាន​ប្រឡង​មុខ​វិជ្ជា​ប្រវត្តិវិទ្យា ជីវវិទ្យា គីមីវិទ្យា និង​ភាសាបរទេស ចំណែកឯ​បេក្ខជន​ថ្នាក់​វិទ្យាសាស្ដ្រ​សង្គម​បាន​ប្រឡង​មុខ​វិជ្ជា​ផែនដី និង​បរិស្ថានវិទ្យា ប្រវត្តិវិទ្យា ភូមិវិទ្យា និង​ភាសាបរទេស​។

នៅ​តាម​មណ្ឌល​ប្រឡង​នីមួយ​ៗ មានដំណើរ​ការ​ល្អ មាន​សភាព​ស្ងប់ស្ងាត់ និង​របៀបរៀបរយ​ល្អ បេក្ខជន​អនុវត្ត​តាម​បទ​ប្បញ្ញត្តិ វិធាន​សុខភាព​និង​សុវត្ថិភាព និង​សេចក្ដីណែនាំ​ប្រតិបត្តិ​នានា របស់​ក្រសួង​អប់រំ យុវជន និង​កីឡា គ្មាន​ការ​យក​សំណៅ​ឯកសារ ឬ​ឧបករណ៍​អេ​ឡិច​ត្រូ​និក ចូល​ក្នុង​មណ្ឌល និង​បន្ទប់​ប្រឡង​ឡើយ​។ បេក្ខជន​ទាំងអស់​បាន​អនុវត្ត​យ៉ាង​ល្អ និង​ខិតខំ​ប្រឹងប្រែង ក្នុង​ការ​ធ្វើ​កិច្ចការ​តាម​សមត្ថភាព​រៀង​ៗ​ខ្លួន​។

គណៈមេប្រយោគ​ទូ​ទាំង​ប្រទេស គណៈ​អប្បមាទ​ទូ​ទាំង​ប្រទេស ជំនួយការ​អប្បមាទ ប្រធាន អនុប្រធាន​មណ្ឌល គណៈ​ក​ម្មា​ការ​កណ្ដាល គណៈ​ក​ម្មា​ការ​ត្រួតពិនិត្យ​អគារ គណៈកម្មការ​អនុរក្ស មានការ​ចិត្ត​យក​ទុកដាក់​បំពេញភារកិច្ច ប្រកបដោយ​ទំនួល​ខុស​ត្រូវ​ខ្ពស់ ដោយ​មានការ​ចូលរួម​សហការ​ពី អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា កងកម្លាំង និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​។

បេក្ខជន​មាន​បញ្ហា​សុខភាព ចំនួន ២៩​ករណី ក្នុង​នោះ​បេក្ខជន​មាន​ជំងឺ​កូ​វី​ដ​-១៩ ដែល​ជា​កីឡាការិនី ចំនួន ២​នាក់ បេក្ខជន​មាន​កម្តៅ​លើស​ធម្មតា ដែល​ត្រូវ​ដាក់​អោយ​ប្រឡង​នៅ​បន្ទប់​ដាច់​ដោយឡែក​ចំនួន​៧​នាក់ និង​បេក្ខជន​មាន​បញ្ហា​សុខភាព​ដ៏​ទៃ​ទៀត​ចំនួន​២០​នាក់​។ បេក្ខជន​ដែល​មាន​បញ្ហា​សុខភាព និង​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ អាច​បន្ត​ការ​ប្រឡង​រហូត​ដល់​ចប់ ក្រោម​ការ​យកចិត្តទុកដាក់​ពី​គណៈមេប្រយោគ ភ្នាក់ងារ​សុខាភិបាល និង​អាជ្ញាធរ​ពាក់ព័ន្ធ​។ នៅ​ក្នុង​ដំណើរការ​ប្រឡង​នា​ថ្ងៃ​ទី​១ នេះ​ក៏​មាន​គណៈមេប្រយោគ​ចំនួន​២​នាក់ ផង​ដែរ​ដែល​មាន​បញ្ហា​សុខភាព ។

ក្រសួង​អប់រំ យុវជន និង​កីឡា សូម​ថ្លែងអំណរគុណ​ដល់​គណៈមេប្រយោគ គណៈ​ក​ម្មា​ការ ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ដែល​មាន​ដូច​ជា ក្រសួងមហាផ្ទៃ អាជ្ញាធរ​ដែនដី ក្រសួងសុខាភិបាល កងកម្លាំង អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា អគ្គី​ស​នី​កម្ពុជា និង​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ មាតាបិតា ព្រមទាំង​សិស្សានុសិស្ស​ទាំងអស់​ដែល​ចូលរួម បំពេញ​តួនាទី និង​គោរព​ទៅ​តាម​បទ​ប្បញ្ញត្តិ​បាន​ល្អ ធ្វើ​ឲ្យ​ដំណើរការ​ប្រឡង​ថ្ងៃ​ទី​១ បញ្ចប់​ទៅ​ដោយ​ភាព​រលូន និង​ជោគជ័យ​៕

ប្រភព៖ ក្រសួងអប់រំ