ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ក្រសួងអប់រំ បានអនុញ្ញាតឱ្យបេក្ខជនចំនួន០២រូប ជាកីឡាករការ៉ាតេដូ ដែលត្រូវបានរកឃើញថាមានវិជ្ជមានកូវីដ-១៩ អាចប្រឡងបាក់ឌុប នៅមណ្ឌលព្យាបាលកូវីដ-១៩ដាច់ដោយឡែក ដើម្បីចៀសវាងចម្លង ជំងឺនៅក្នុងមណ្ឌលប្រឡង។
ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា នៅថ្ងៃ ២៦ ធ្នូ ២០២១ បេក្ខជនប្រឡងបាក់ឌុបបានទៅពិនិត្យឈ្មោះ, លេខបន្ទប់, លេខតុ, ស្ទង់កម្ដៅ និងបិទស្ទីកឃ័របញ្ជាក់សុខភាពធម្មតា ប្រកបដោយភាពរលូន តាមការគ្រោងទុក។
ឯកឧត្តមបានបន្តថា ដោយឡែកមានករណីពិសេស និងយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក្រសួងអប់រំ អនុញ្ញាតឱ្យបេក្ខជនចំនួន០២រូប ជាកីឡាករការ៉ាតេដូ ដែលត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ អាចប្រឡងបាក់ឌុបថ្ងៃ ២៧-២៨ ធ្នូ ២០២១ នៅមណ្ឌលព្យាបាលកូវីដ-១៩ ។
« ដោយឡែក បេក្ខជនប្រលងបាក់ឌុបចំនួន០២រូប ជាកីឡាករការ៉ាតេដូ ដែលរដ្ឋាភិបាលបានបញ្ចូនទៅប្រកួត នៅប្រទេស កាហ្សាក់ស្តង់ ហើយទើបត្រឡប់មកដល់ប្រទេសកម្ពុជាកាលពីពេលថ្មីៗនេះត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩។ យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡាអនុញ្ញាតឱ្យកីឡាករ០២រូបនេះ ប្រឡងបាក់ឌុបថ្ងៃ ២៧-២៨ ធ្នូ ២០២១ នៅមណ្ឌលព្យាបាលកូវីដ-១៩មួយកន្លែង ក្រោមការរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសុខាភិបាល និងគ្រប់ភាគីពាក់ព័ន្ធ»។
ឯកឧត្តម បន្តថា ក្រសួងអប់រំ នៅតែបន្ដពង្រឹង ការលើកកម្ពស់គុណភាពប្រឡងឱ្យបានល្អដូចឆ្នាំមុនៗ ដើម្បីទទួលបានធនធានមនុស្ស ដែលមានសមត្ថភាពពិតប្រាកដសម្រាប់បម្រើកិច្ចអភិវឌ្ឍន៍ជាតិ។
ឯកឧត្តមបានបន្ថែមថា ដើម្បីទទួលបានលទ្ធផលល្អ តាមទិសស្លោក អ្នកចេះគឺជាប់ សូមបេក្ខជនប្រឡងបាក់ឌុបបន្តខិតខំរៀនសូត្រផង និងថែរក្សាសុខភាពផង ទោះបីបានចាក់វ៉ាក់សាំងរួចហើយក៏ដោយ ត្រូវប្រកាប់ខ្ជាប់ ៣កុំ ៣ការពារ៕
ប្រភព៖ ក្រសួងព័ត៌មាន