បន្ទាយមានជ័យ ៖ បុរសម្នាក់បើកម៉ូតូក្នុងល្បឿនលឿនបានជ្រុលបុកលូដាក់ក្បែរផ្លូវ ជាសញ្ញាបន្ថយល្បឿន បណ្តាលរបួសធ្ងន់ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុក ពេលគ្រូពេទ្យលាងរបួង ស្រាប់តែឃើញមានថ្នាំញៀននៅនឹងខ្លួនចំនួន០៧កញ្ចប់ ។
ហេតុការណ៍ខាងលើបានកើតឡើងវេលាម៉ោង៨និង៣០នាទី ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចមុខក្លោងទ្វារផ្លូវចូលវត្តហេមវន្តបឹងត្រកួន លើកំណាត់ផ្លូវជាតិលេខ២៥៦៣ ស្ថិតនៅក្នុងភូមិត្រពាំងសំរោង ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថានៅវេលាម៉ោងកើតហេតុខាងលើ មានគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយជនរងគ្រោះឈ្មោះ គៀត ប៊ុត ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅមិនពិតប្រាកដ (មិនមែនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន) បានមកស្នាក់នៅភូមិត្រពាំងសំរោង ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បើកម៉ូតូម៉ាកឃ្លិច ពណ៌សស៊េរីឆ្នាំ២០១១ ក្នុងទិសដៅពីលិចទៅកើត ។ ដល់ចំណុចកើតហេតុបានជ្រុលចង្កូតបុកលូដាក់លើផ្លូវដែលមានសញ្ញាបន្ថយល្បឿន បណ្ដាលឱ្យរបួសបែកមុខខាងឆ្វេង និងម៉ូតូត្រូវខូចមួយកំណាត់មុខ។
បន្ទាប់មកជនរងគ្រោះត្រូវបានកម្លាំងប៉ុស្តិ៍រដ្ឋបាលគោករមៀត ដឹកយកទៅមណ្ឌលសុខភាពបឹងត្រកួន ក្រោយមកគ្រូពេទ្យបានដោះអាវពិនិត្យលើខ្លួនជនរងគ្រោះ ស្រាប់តែប្រទះឃើញថ្នាំញៀនគ្រាប់ ដែលមានអក្សរ WY ចំនួន០៧កញ្ចប់ស្មើនឹង៦៦គ្រាប់ និងម្ស៉ៅក្រាមសថ្លា០១កញ្ចប់ ដែលដាក់ក្នុងកាបូបពណ៌ខ្មៅ ។
ក្រោយពីសួចម្លើយរួច នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ សមត្ថកិច្ចបានរៀបចំសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាង ទៅស្នងការរដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ អនុវត្តបន្តតាមនីតិវិធី ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ