វ៉ា​ជែង​ចូល​គន្លង​ផ្លូវ​ម្ខាង​ទៀត បណ្តាល​អោយ​បុក​ម៉ូតូ ២​គ្រឿង​ពេញទំហឹង

0

ព្រះ​សីហ​នុ ៖ កាលពី​ម៉ោង​ប្រមាណ ១១:៥០​នាទី​ព្រឹក​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០២១​កន្លង​មកនេះ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅ​លើ​ផ្លូវជាតិ​លេខ​៣ ចន្លោះ​គីឡូម៉ែត្រ​លេខ ១៧៥-១៧៦ ស្ថិត​នៅ​ភូមិ​វាល​តាអោ​ង​ធំ ឃុំ​សាមគ្គី ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ក្រោយ​រថយន្ត​មួយ​គ្រឿង​បាន​បើ​បុក​ម៉ូតូ ២​គ្រឿង បណ្តាល​អោយ​មាន​អ្នក​ស្លាប់​ម្នាក់ និង​របួសធ្ងន់ ២​នាក់​។

បើ​តាម​ប្រ​ភ​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា​រថយន្ត​បង្ក​ម៉ាក​ឡិច​ស៊ី​ស 570 ពណ៌​ទឹកមាស ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2BE-3366 បើកបរ​ដោយ​ឈ្មោះ កៅ គៀត​ឡេ​ង ភេទ​ប្រុស អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ខ្នា ឃុំ​ជ្រាវ ស្រុក​សៀមរាប ខេត្តសៀមរាប ឃាត់ខ្លួន​អ្នកបើកបរ​បាន​។ ខណៈ​ភាគី​រង​គ្រោះ​មាន​ម៉ូតូ​ចំនួន​២​គ្រឿង ក្នុង​នោះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក EXCITER ពណ៌​ខៀវ ពាក់​ផ្លា​ក​លេខ ព្រះ​សីហ​នុ 1E-7633 បើកបរ​ដោយ​ឈ្មោះ ឡៃ មើ​ត ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បន្ទាយ​ប្រិ​យ៍ ឃុំ​អណ្ដូង​ថ្ម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ (​របួសធ្ងន់​) និង​អ្នក​រួម​ដំណើរ​ម្នាក់​ឈ្មោះ ម៉ើ​ល ក​សឹម ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូ​ត្រាវ ឃុំ​អណ្ដូង​ថ្ម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ (​របួសធ្ងន់​) និង​ម៉ូតូ​១​គ្រឿង​ទៀត ម៉ាក​ហុងដា​ឌ្រី​ម ធុន​C125 ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ព្រះ​សីហ​នុ 1E-6084 បើកបរ​ដោយ​ឈ្មោះ អាន អ៊ូ​ន ភេទ​ស្រី អាយុ​១៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទួល ឃុំ​ទឹកល្អក់ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ (​បាន​ស្លា​.​ប់​)​។

ចំពោះ​មូលហេតុ ដែល​បង្ក​អោយ​មាន​គ្រោះថ្នាក់​នេះ ដោយសារ​តែ​រថយន្ត​បង្ក​ព្យាយាម​បើក​វ៉ា​ជែង ចូល​គន្លង​ផ្លុ​វ​ម្ខាង​ទៀត ហើយ​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​ទាំង ២​គ្រឿង​តែ​ម្តង​។ ក្រោយ​ពេល​កើតហេតុ សព​ជន​រង​គ្រោះ​ម្នាក់ ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​ជន​រង​គ្រោះ​រង​របួសធ្ងន់​ទាំង​២​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន​មួយ​កន្លែង​ក្នុង​ឃុំ​វាល​រេញ ។ រីឯ​អ្នកបើកបរ​រថយន្ត​ត្រូវ​បាន​នាំ​ខ្លួន​មក​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ ។ ដោយឡែក​រថយន្ត និង​ម៉ូតូ​ចំនួន​២​គ្រឿង ត្រូវ​បាន​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ ៕