បន្ទាយមានជ័យ៖ កាលពីម៉ោងប្រមាណ ២:២០នាទីរសៀល ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១កន្លងមកនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅបណ្ដោយផ្លូវជាតិលេខ ៥ នៅក្នុងភូមិស្ទឹងបត់សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ដោយរថយន្តធុនធំដឹកត្រីនិងរថយន្តម៉ាក TOYOTA VIGO បានបុកគ្នាបណ្ដាលឲ្យមនុស្សម្នាក់ស្លាប់និងរងរបួសធ្ងន់ ០៣នាក់។
បើយោងតាមប្រភពពីសមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះក្នុងហេតុការណ៍នេះមាន ១.ឈ្មោះយ៉ន សារាំង ភេទប្រុស អាយុ៣៣ឆ្នាំ អ្នកបើកបររថយន្តតូចរស់នៅក្នុងភូមិមេមត់ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ (ស្លាប់នៅនឹងកន្លែងកើតហេតុ), ឈ្មោះ ហួន ផលឡឹក ភេទស្រី អាយុ៦០ឆ្នាំ(របួសធ្ងន់)អ្នករួមដំណើរលើរថយន្តតូច, ឈ្មោះឡុងលីន ភេទប្រុសអាយុ៦២ឆ្នាំ (របួសធ្ងន់)អ្នករួមដំណើរលើរថយន្តតូច និងឈ្មោះលីន រស្មី ភេទប្រុស អាយុ៣០ឆ្នាំ (របួសធ្ងន់)អ្នករួមដំណើរលើរថយន្តតូច។
តាមប្រភពដដែរ បន្តថាមុនកើតហេតុរថយន្តតូចម៉ាកតូយ៉ូតាវីហ្គូ (Toyota vigo) ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Y-2406 បើកបរគោលដៅពីទិសខាងកើតទៅទិសខាងលិច បានបើកបរឡើងជែងរថយន្តនៅពីមុខបណ្តាលឱ្យជ្រុលទៅបុករថយន្តធុនធំម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ឆ្នាំង 3A-0371 បើកបរគោលដៅពីទិសខាងលិចទៅទិសខាងកើត(ក្នុងទិសដៅផ្ទុយគ្នា)បណ្តាលអោយគ្រោះថ្នាក់ចរាចរណ៍តែម្តង។
ចំណែកអ្នកបើកបររថយន្តធុនធំមិនស្គាល់អត្តសញ្ញាណក្រោយពីកើតហេតុរត់គេចខ្លួនបាត់បន្សល់រថយន្តនៅកន្លែងកើតហេតុ។ដោយឡែករថយន្តtoyota vigoរងរការខូចខាតផ្នែកខាងមុខធ្ងន់ធ្ងរ។ រថយន្តទាំង២គ្រឿងខាងលើបន្ទាប់ពីវាស់វែងរួចត្រូវបានកម្លាំងជំនាញរៀបចំយកទៅរក្សាទុកនៅអធិការដ្ឋានក្រុងប៉ោយប៉ែត។ ចំពោះជនរងគ្រោះត្រូវបានកម្លាំងនគរបាលជួយអន្តរាគមន៍ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត៕