ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ មន្ត្រីជំនាញ ក.ប.ប. សាខាខេត្តកែប ខេត្តសៀមរាប និងរាជធានីភ្នំពេញបានបន្តចាត់វិធានការលើម្ចាស់ដេប៉ូលក់ប្រេងឥន្ធនៈចំនួន ៣ទីតាំងដែលលក់ប្រេងជូនអតិថិជនមិនសុចរិតក្នុងធុរកិច្ចប្រេងឥន្ធនៈក្នុងចំណោមស្ថានីយ/ដេប៉ូចំនួន ១៦ទីតាំងដែលមន្ត្រីជំនាញបានត្រួតពិនិត្យ។ ក្នុងប្រតិបត្តិការត្រួតពិនិត្យគឺក្នុងគោលបំណងបន្តទប់ស្កាត់អំពើមិនសុចរិតក្នុងវិស័យប្រេងឥន្ធនៈ និងការពារនូវប្រយោជន៍ជូនអ្នកប្រើប្រាស់ក្នុងព្រះរាជាណាចក្រកម្ពុជា។ ចំពោះម្ចាស់ទីតាំងទាំង ៣ខាងលើត្រូវបានមន្ត្រីជំនាញពិន័យទៅតាមនីតិវិធីផងដែរ។
លើសពីនេះ មន្ត្រីជំនាញក៏បានបន្ត និងបញ្ចប់ការផ្សព្វផ្សាយនូវផលប៉ះពាល់នៃសារធាតុ អាសបេស្ដុសនៅរាជធានីភ្នំពេញតាមបណ្ដាហាងលក់គ្រឿងសំណង់ និងស្រង់យកគំរូមួយចំនួនមកវិភាគនៅមន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋាន ក.ប.ប. ផ្ទាល់តែម្ដង៕
ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF