បន្ទាយមានជ័យ ៖ កាកសំណល់មី អាល់កុលក្លែងក្លាយ និងទំនិញខូចគុណភាពជាង៦តោន ត្រូវបានមន្ត្រីសាខា ក.ប.ប. ធ្វើការដុតកម្ទេចចោលនៅក្រុងប៉ោយប៉ែតនៅថ្ងៃនេះ(ថ្ងៃ២២ធ្នូ) ។
ទំនិញទាំងអស់មានទំងន់សរុបចំនួន៦,៤០៥ គីឡូក្រាម ក្នុងនោះកាកសំណល់កម្ទេចមី ២,១២៥គីឡូក្រាម, ស្រាបៀរសឹង្ហហួសការបរិច្ឆេទទំងន់៦៨១គីឡូក្រាម , ស្រាបៀរប៊ូឌូស័រទំងន់១៨២គីឡូក្រាម , ភេសជ្ជៈអាដេ ហួសការបរិច្ឆេទ ទំងន់១៨២គីឡូក្រាម , អាល់កុលក្លែងក្លាយទំងន់២,២៩១គីឡូក្រាម (ស្មើ៧១ពីដុង), ភេសជ្ជៈកូកាកូឡា ទឹកក្រូច ដបចម្រុះ និងទំនិញខូចគុណភាពផ្សេងៗមួយចំនួនទៀត។
លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ដោយមានការណែនាំពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងវិធានការពីអគ្គនាយកដ្ឋាន (ក.ប.ប) មន្ត្រីជំនាញបានសហការជាមួយមន្ត្រីស្ថាប័នពាក់ព័ន្ធបានបង្ក្រាបនិងដកហូតទំនិញខូចគុណភាពរយៈពេល៦ខែដើមឆ្នាំ២០២១ បង្ក្រាបនិងដកហូតបានចំនួន៦,៤០៥ គីឡូក្រាម ។ ក្រោយពីបង្ក្រាប និងដកហូតរួចមក បានសុំគោលការណ៍ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីដុតកម្ទេចចោល ។
លោក សាន វិជ្ជាសារ៉ាវុធ ក៏បានបញ្ជាក់ថា៖ រាល់ទំនិញខូចគុណភាណដែលមន្ត្រីជំនាញបង្ក្រាបដកហូតបាននៅចុងឆ្នាំ២០២១នេះ ត្រូវកសាងសំណុំរឿងបញ្ជូនទៅសាលាខេត្តបន្ទាយមានជ័យ ចាត់ការតាមនីតិវិធី និងករណីម្ចាស់ស្ថានីយ៍ប្រេងដែលមន្ត្រីជំនាញរកឃើញថា មានលក់សាំងមិនគ្រប់លីត្រ ដូចជាលក់សាំង១០០លីត្របានត្រឹមតែ៩០លីត្រ បាញ់តែខ្យល់ចូល ជាបទល្មើសមួយដែលត្រូវតែមានវិធានការ និងអ្នកលក់ទំនិញខូចគុណភាព មិនត្រូវដាក់លក់កម្ទេចមីកញ្ចប់តូចៗ ដែលជាកាកសំណល់មី បោសប្រមូលយកមកវិចខ្ចប់ដែលធ្វើឲ្យប៉ះពាល់សុខភាពអ្នកទទួលទាន ជាពិសេសកុមារតូចៗ ដែលនៅតាមសាលារៀន ជាដើម ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ