លួច​ម៉ូតូ​! លួច​រថយន្ត​! តែ​ចោរ​មួយ​នេះ​លួច​រថយន្ត​បែន​ដឹក​ដី

0

បាត់ដំបង​៖ កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល សហការ​ជាមួយ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​លួច (​រថយន្ត​) ០១​ករណី នៅ​ថ្ងៃ​១៥ ខែធ្នូ ឆ្នាំ​២០២១ វេលា​ម៉ោង​២០​និង​៤០​នាទី ត្រង់​ចំណុច​ភូមិ​ពុកឆ្មា ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្តបាត់ដំបង ។

សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ អឿ​ន សា​រិ​ត ភេទ​ប្រុស អាយុ ២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃ​ដំរី ឃុំ​ព្រៃតូច ស្រុក​មោងឫស្សី ខេត្តបាត់ដំបង យក​មក​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ដើម្បី​ធ្វើការ​សាកសួរ ។ សមត្ថកិច្ច​បាន​ធ្វើការ​ដកហូត​រថយន្ត ០១​គ្រឿង ម៉ាក​ហ៊ី​យ៉ុ​ន​ដាយ Hyundai ធុន​ធំ ពណ៌​ស​-​លឿង ស៊េរី​ឆ្នាំ​២០០២ ពាក់​ស្លាក​លេខ ភ្នំពេញ 3F-1578 ។

សូម​ជម្រាប​ជូន​ថា ជនសង្ស័យ​ខាងលើ​បាន​ធ្វើ​សកម្មភាព ឡើង​បើករថយន្ត​ខាងលើ ដែល​ទុក​នៅ​កន្លែង​លើក​ស្រូវ ដោយ​មាន​សោរ​នៅ​ទីនោះ​ស្រាប់​ទើប​បើក​មក​តែ​ម្ដង ព្រោះ​ជនសង្ស័យ​ជា​មនុស្ស​បែក​ថ្នាំ​ញៀន និង​រវើរវាយ បាន​លួច​យក​រថយន្ត​របស់​ជន​រង​គ្រោះ​១​នាក់​ឈ្មោះ ទូច ដា​រ៉ា ភេទ​ប្រុស អាយុ ២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពោធិ៍​ស្វាយមីង ឃុំ​អំពិល​តា​ពត ស្រុក​អូរ​រាំង​ឪ ខេត្តកំពង់ចាម ជិះ​មក​ក្រុង​បាត់ដំបង​។

ករណី​នេះ ដោយ​អនុវត្ត​តាម​យោបល់​ដឹកនាំ​របស់​លោក​ឧត្ដមសេនីយ៍ទោ សាត គឹ​ម​សាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង រួម​នឹង​យោបល់​លោក​វរសេនីយ៍ឯក លឹ​ម ពុ​ទ្ធី​ឡា ស្នងការ​រង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ និង​ដោយ​មានការ​សម្របសម្រួល​លើ​នីតិវិធី​ពី​ឯកឧត្តម កែវ សុ​ជាតិ ព្រះរាជ​វ​អាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង ផង​នោះ លោក​វរសេនីយ៍ឯក ឈឿ​ង គឹ​ម​សុង នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ខាងលើ​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​។ ចំណែក​រថយន្ត​សមត្ថកិច្ច​បាន​ប្រគល់​ជូន​ទៅ​ម្ចាស់​វិញ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ