គេ​គ្រប់​គ្នា​រកស៊ី​រត់​កង​បី ចំណែក​គាត់ ២​នាក់​នេះ​រកស៊ី​លួច​កង់បី

0

ភ្នំពេញ​៖ បុរស​ពីរ​នាក់ ត្រូវ​បាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ ពាក់ព័ន្ធ​ករណី លួច​ម៉ូតូ​កង់​បី និង ទទួល​ទិញ​ម៉ូតូ​កង់​បី​ចោរ ដោយ​ខុសច្បាប់​។ ជនសង្ស័យ​ទី​១ ឈ្មោះ អ៊ុ​ន ជា​វៃ ភេទ ប្រុស អាយុ ២៣ ឆ្នាំ មុខរប មិន​ពិតប្រាកដ បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​ព្រៃ​ល្វា សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ (​ជា​មុខសញ្ញា​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​) បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​កង់​បី ចំនួន​ពីរ​លើក​គឺ​៖
លើក​ទី​១ បាន​ធ្វើ​សកម្មភាព លួច​យក​ម៉ូតូ​កង់​បី (Pass App) ០១​គ្រឿង ស្លាក​លេខ ភ្នំពេញ 1HG-0678 នៅ​ចំណុច មុខ​ផ្ទះល្វែង ស្ថិត​ក្នុងភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២១​។

លើក​ទី​២ បាន​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​កង់​បី (pass app) ០១​គ្រឿង ស្លាក​លេខ ភ្នំពេញ 1IC-0772 នៅ​ចំណុច​មុខ​ផ្ទះល្វែង​មួយ​កន្លែង ក្នុងភូមិ​កន្ទោក​ជើង សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល កាលពី​វេលា​ម៉ោង​០៤:០០​នាទី ថ្ងៃ​ទី​០៤ ខែធ្នូ ឆ្នាំ​២០២១ ហើយ​ក៏ ត្រូវ​បាន​កម្លាំង មូលដ្ឋាន​អាវុធហត្ថ ខណ្ឌ​កំ​បូល ចុះ​ឃាត់ខ្លួន​នៅ​ម៉ោង​០១​និង​៣០​នាទី យប់​ថ្ងៃ​ទី​០៥ ឈាន​ចូល​ថ្ងៃ​ទី​០៦ ខែធ្នូ ឆ្នាំ​២០២១ និង​ដកហូត​បាន​កង់​បី ០១​គ្រឿង ស្លាក​លេខ ភ្នំពេញ 1IC-0772 ប្រគល់​ជូន​ម្ចាស់​ដើម​វិញ​។

ជនសង្ស័យ​ទី​២ ឈ្មោះ ស៊ិ​ន ម៉េ​ង​ហុង ភេទ ប្រុស អាយុ ៣៤ មុខរបរ មិន​ពិតប្រាកដ នៅ​ចំណុច​បន្ទប់​ស្នាក់​នៅ ផ្លូវ​បេតុង ស្ថិត​ក្នុងភូមិ​ជម្ពូ​វ័ន សង្កាត់ ចោម​ចៅ​៣ ខណ្ឌ​ពោ​ធ៍​សែន​ជ័យ រាជធានី​ភ្នំពេញ បាន​ធ្វើ​សកម្មភាព ទទួល​ទិញ​ម៉ូតូ​កង់​បី​មួយ​គ្រឿង ស្លាក​លេខ ភ្នំពេញ 1HG-0678 ដែល​ឈ្មោះ អ៊ុ​ន ជា​វៃ បាន​លួច​យក​ទៅ ត្រូវ​បាន កម្លាំង​ជំនាញ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​កំ​បូល ឃាត់​ខ្លូ​ន​នៅ​យប់​ថ្ងៃ​ទី​០៦ ខែធ្នូ ឆ្នាំ​២០២១ ដោយ​ដកហូត​វត្ថុ​តាង ម៉ូតូ​កង់​បី (Pass App) ០១​គ្រឿង​ផង​ដែរ (​ជនសង្ស័យ​នេះ​ក៏​ជា​មុខសញ្ញា​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​ដូច​គ្នា​)​។

ក្រោយ​ពេល ដកហូត​ម៉ូតូ​កង់​បី​ក្រោយ​នេះ​បាន​ហើយ សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ស្រាវជ្រាវ ស្វែងរក​ម្ចាស់​ដើម រហូត​ទាល់តែ​ឃើញ និង​បាន​ប្រគល់​ម៉ូតូ​កង់​បី​ជូន​ម្ចាស់​ដើម​វិញ បើ​ទោះបីជា​ម្ចាស់​កង់​បី​នេះ មិន​បាន​ដាក់​ពាក្យបណ្តឹង មក​សមត្ថកិច្ច​អាវុធហត្ថ​ក៏​ដោយ​។

លោក​ឧត្តមសេនីយ៍ឯក រ័​ត្ន ស្រ៊ា​ង មេបញ្ជាការ​រង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ បាន​អំពាវ​ដល់​មហាជន​ទូទៅ នៅ​ពេល​មានការ​បាត់បង់​ទ្រព្យសម្បត្តិ ឬ​មាន​បញ្ហា​រង​គ្រោះ ក្នុង​បទល្មើស​ណា​ក៏​ដោយ សូម​មេត្តា​ដាក់​ពាក្យបណ្តឹង​ដល់​សមត្ថកិច្ច​ដែល​នៅ​ជិត​អ្នក​បំផុត​ឲ្យ​បានដឹង ដើម្បី​ជា​ទុន​ដល់​សមត្ថកិច្ច​បើក​ការ​ស្រាវជ្រាវ ព្រោះ​បើ​គ្មាន​បណ្តឹង​សមត្ថកិច្ច​នឹង​មិន​អាច​ទ្រង់​ញាណ​ដឹង​ថា​មាន​បទល្មើស​កើតឡើង​នៅ​ពេល​ណា​ឬ​កន្លែង​ណា​បាន​ឡើយ​៕

ប្រភព៖ Phnom Penh Gendarmerie