បាត់ដំបង ៖ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង០៨និង១០នាទី លោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុកកំរៀង ដឹកនាំកម្លាំងសហការណ៍ជាមួយកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨១៩ ដែលមានលោកវរសេនីយ៍ឯក ម៉ង់ ស៊ី ជាមេបញ្ជាការបង្ក្រាបករណីនាំយកចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន ១ករណី ក្នុងបទល្មើសជាក់ស្ដែង។ ក្នុងនោះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ប្រុស និងទប់ស្កាត់ពលករបំរ៉ុងឆ្លងដែនចំនួន ១២នាក់ ស្រីចំនួន ០៧នាក់ អនីតិជនចំនួន ០៣នាក់ ស្រី០២នាក់ ។
ជនសង្ស័យជាមេខ្យល់ឈ្មោះ គង់ វង់ ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិតាក្រី ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង ។ បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចនគរបាលស្រុកកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញដើម្បីអនុវត្តតាមច្បាប់ ។ រីឯប្រជាពលរដ្ឋរងគ្រោះបានអប់រំណែនាំឱ្យវិលទៅលំនៅឋានវិញ ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ