នេះ​ហើយ​អ្នកជំនាញ​ឆបោក​ត្រូវ​រង្វាន់​តាម​ប្រព័ន្ធ​ធនាគារ​ចល័ត

0

ភ្នំពេញ​៖ កម្លាំង​សមត្ថកិច្ច​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​ធ្វើការ​បង្ក្រាប​ជនសង្ស័យ​ចំនួន​០២​នាក់ ដែល​ជា​មុខសញ្ញា​សកម្ម​ឆបោក​ប្រាក់​ពី​ជន​រង​គ្រោះ តាម​រយៈ​ការ​បង្កើត​កម្មវិធី​ទូរ​សព្ទ​ឈ្នះ​រង្វាន់​ពី​ប្រព័ន្ធ​ធនាគារ​ចល័ត​។

ក្នុង​ប្រតិបត្តិការ​នេះ បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ពុធ ទី​០៨ ខែធ្នូ ឆ្នាំ​២០២១ ដោយ​មានការ​សម្របសម្រួល​ពី ឯកឧត្តម ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​បានការ​អនុញាត​ពី ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត អគ្គស្នងការ​នគរបាល​ជាតិ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ឆៃ ស៊ី​ណា​រិ​ទ្ធ អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ក្រោម​ការ​ចង្អុលបង្ហាញ​បញ្ជា​ផ្ទាល់​ពី លោក​ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​។

លោក​ឧត្តមសេនីយ៍ឯក ជា ពៅ បាន​បញ្ជាក់​ថា ប្រតិបត្តិការ​នេះ​កម្លាំង​ជំនាញ បាន​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដោយ​បង្ក្រាប​បាន​ជនសង្ស័យ​០២​នាក់​ឈ្មោះ ម៉េ​ន វាសនា ហៅ យួ​ស សុ​ផា​រី​ណូ ហៅ ស្នា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​រាជធានី​ភ្នំពេញ និង​ឈ្មោះ ប្រាក់ វ​ណ្ណា​រ៉ុ​ង ហៅ ប៊ី ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​រាជធានី​ភ្នំពេញ ។ លោក​ឧត្តមសេនីយ៍ឯក បាន​បន្ថែម​ថា មុខសញ្ញា​សកម្ម​ដែល​កម្លាំង​ជំនាញ​បង្ក្រាប​នេះ តែងតែ​ធ្វើ​សកម្មភាព​ក្លែងខ្លួន​ធ្វើ​ជា​បុគ្គលិក​ធនាគារ ហើយ​លួងលោម​ជន​រង​គ្រោះ​បង្កើត​កម្មវិធី​ធនាគារ​នឹង​ទទួល​បាន​ប្រាក់​រង្វាន់ ដោយ​គ្រាន់តែ​ចូល​ផ្លាស់​ប្តូរ​លេខ​កូដ​សម្ងាត់​តាម​ដែល​ខ្លួន​ណែនាំ រួច​ផ្ញើ​លេខ​កូដ​សម្ងាត់​ខ្លួន ដើម្បី​ឱ្យ​ខ្លួន​បញ្ចូល​ប្រាក់​រង្វាន់ ។
បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​ជំនាញ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី ។ ជាមួយ​គ្នា​នេះ​ដែរ សមត្ថកិច្ច សូម​ធ្វើការ​ក្រើន​រំ​ឮ​ក​ដល់​បងប្អូន ដែល​តែងតែ​ប្រើប្រាស់​ប្រព័ន្ធ​ធនាគារ​ចល័ត សូម​ប្រុង​ប្រយ័ត្ន​ខ្ពស់ ចៀសវាង​ការ​ចាញ់បោក​ជនខិលខូច ដែល​លួងលោម​ឱ្យ​បង្ហាញ​លេខ​កូដ​សម្ងាត់​ធនាគារ រួច​អាច​ទទួល​ប្រាក់​រង្វាន់​នានា​៕

ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា