សៀមរាប៖ កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីជនរងគ្រោះ ក្នុងករណីរំលោភសេពសន្ថវៈមួយ កើតឡើងនៅចំណុចវាលស្រែស្ថិតនៅខាងត្បូងភូមិស្វាយ ឃុំសសរស្ដម្ភ ស្រុកពួក ខេត្តសៀមរាប ដោយឪពុករំលោភកូនស្រីបង្កើតអស់១ឆ្នាំជាង រហូតធ្លាប់មានផ្ទៃពោះ។
បើតាមប្រភពពីសមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះមានឈ្មោះ ណ.ព.ស អាយុ ១៥ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ ចំណែកជនសង្ស័យជាឪពុកមានឈ្មោះ និវ ណាត អាយុ៣៦ឆ្នាំ រស់នៅជុំគ្នា មុខរបរជាកសិករ។
បើតាមការបញ្ជាក់ពីជនរងគ្រោះបានអោយដឹងថា ឪពុកបានធ្វើសកម្មភាពរំលោភខ្លួនតាំងពីកំឡុង ខែកុម្ភៈ ឆ្នាំ២០២០មកម្ល៉េះ។ ដោយរាល់លើក គឺជនសង្ស័យធ្វើសកម្មភាពហើយ តែងតែចាក់ទឹកក្រៅពាងរហូត។ ដោយទ្រាំមិនបានខ្លួនក៏បានប្រាប់ម្តាយអំពីរឿងនេះ ហើយម្តាយ ឪពុក និងនាងបានសន្យាគ្នាថាមិនអោយមានរឿងនេះកើតឡើង និងមិនត្រូវបែកធ្លាយផងដែរ។
ប៉ុន្តែឪពុកនៅតែបន្តសកម្មភាពរំលោភនេះ បន្តបន្ទាប់រហូតដល់កំពុងខែឧសភា ឆ្នាំ២០២១ ទើបបានប្រទះខ្លួនបាត់រដូវ និងបានពិនិត្យឃើញមានកូន ៣ខែ។ ម្តាយបាននាំកូនស្រី ទៅពេទ្យឯកជនមួយធ្វើការរំលូតកូនចេញ។
រហូតមកដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ ជនសង្ស័យស្រវឹងបានគំរាមជនរងគ្រោះរំលោភទៀត ដោយសារតែទ្រាំនឹងទង្វើនេះលែងបាន ទើបជនរងគ្រោះ និងម្តាយ បាននាំគ្នាដាក់ពាក្យប្តឹងតែម្តង។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យនៅតែប្រកែកថាខ្លួនមិនបានបង្ខំ និងគំរាមនោះទេ គឺជនរងគ្រោះយល់ព្រមស្រាតខោ ខ្លួនឯង៕