កណ្ដាល៖ ក្រោយពីបានរកឃើញសារធាតុគីមីហាមឃាត់នៅលើពពុះសណ្ដែកជាបន្តបន្ទាប់នៅលេីទីផ្សារ មន្ត្រីស៊ើបអង្កេតនៃអគ្គនាយកដ្ឋានក.ប.ប. បានធ្វើការស៊ើបអង្កេតតាមមុខសញ្ញាដែលបានរកឃេីញនៅលើទីផ្សាររហូតឈានដល់ការរកឃើញនូវសិប្បកម្មផលិតមួយកន្លែងដែលស្ថិតនៅក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាលនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ នេះ។
ក្រោយពីបានធ្វើការត្រូតពិនិត្យផ្ទាល់នៅទីតាំងក៏បានរកឃើញ និងដកហូតបានពពុះសណ្ដែកដែលមានផ្ទុកសារធាតុគីមីហាមឃាត់ចំនួន ១៦គីឡូក្រាមយកមករក្សាទុកដើម្បីកម្ទេចចោលតាមនីតិវីធី។ សម្រាប់ម្ចាស់សិប្បកម្មត្រូវបានមន្ត្រីក.ប.ប. ធ្វើការពិន័យអន្តរការណ៍ និងបានណែនាំឱ្យបញ្ឈប់ការចែកចាយនូវទំនិញមិនអនុលោម៕
ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF