បាត់ដំបង ៖ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង០១ និង៣០នាទី អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន បានដឹកនាំកម្លាំងសហការជាមួយកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ កម្លាំងផ្នែកសឹករងស្រុកសំពៅលូន និងកម្លាំងវរសេនាតូច៥៣៣ ប្រចាំការតាមមាត់អូរព្រំដែនកម្ពុជា-ថៃ បង្ក្រាបករណីការនាំយកចេញដោយមិនស្របច្បាប់ សម្រាប់នាំឆ្លងដែន (បម្រុងចូលទៅក្នុងប្រទេសថៃ) ០១ករណី ស្ថិតនៅចំណុចក្រុមទី០១ ភូមិស្ពានយោល ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង ។
សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យជាមេខ្យល់ចំនួន ០១នាក់ ឈ្មោះ ឆុំ លឹមស្រ៊ី ហៅ ស៊ី ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅភូមិវាលវង់ ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង ដែលបានធ្វើសកម្មភាពលួចនាំពលករចំនួន ០៤នាក់ (ស្រី ០២នាក់) ដែលមានទីលំនៅក្រៅភូមិសាស្ត្រខេត្តបាត់ដំបងបម្រុងឆ្លងដែនចូលទៅប្រទេសថៃ ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនមកកាន់ការិយាល័យជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធី-ច្បាប់ ចំពោះពលករទាំង០៤នាក់សមត្ថកិច្ចធ្វើការអប់រំណែនាំ និងធ្វេីកិច្ចសន្យាឲ្យគាត់បញ្ឈប់សកម្មភាពបន្តទៀត និងវិលត្រឡប់ទៅមូលដ្ឋានវិញ ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ