មក​ស្គាល់​មុខ អ្នកជំនាញ​ដើរ​លួច​ស្លាក​លេខ​រថយន្ត

0

ភ្នំពេញ​៖ កាលពី​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២១ កម្លាំង​អន្តរាគមន៍​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ ករណី​លួច​យក​ផ្លា​ក​លេខ​រថយន្ត នៅ​ចំណុច​មាត់​ប្រឡាយ​ទឹក​ស្អុយ ផ្លូវ​បេតុង ភូមិ​មាន​ជ័យ​១ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។

ជនសង្ស័យ​ឃាត់ខ្លួន​ចំនួន​០២​នាក់​រួមមាន​ឈ្មោះ វ៉ង់ ខ័​ណ្ឌ​ដែន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់​នៅផ្ទះ​ជួល ផ្លូវលំ ភូមិ​ព្រែក​តា​នូ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌ មាន​ជ័យ រាជធានី​ភ្នំពេញ មុខរបរ មិន​ពិតប្រាកដ​ និងឈ្មោះ សុខ រ៉ា ហៅ ណូ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវលំ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ មុខរបរ មិន​ពិតប្រាកដ​។

ហេតុការណ៍​៖ កាលពី​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២១ វេលា​ម៉ោង ០៣:៣០​នាទី ទៀប​ភ្លឺ កម្លាំង​អន្តរាគមន៍​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ធ្វើការ​ល្បាត​ពួនស្ទាក់​ក្នុង​មូលដ្ឋាន​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ពេល​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​ប្រទះ​ឃើញ​ជនសង្ស័យ​ចំនួន ០២ នាក់ ជិះ​រថយន្ត​ម៉ាក​កាម​រី ពណ៌ ស ឈប់​នៅ​ចិញ្ចើម​ផ្លូវ ដោយ​មានការ​សង្ស័យ​កម្លាំង​បាន​ចូល​ទៅ​ធ្វើការ​ត្រួតពិនិត្យ​ឆែកឆេរ រក​ឃើញ​ផ្លា​ក​លេខ​រថយន្ត​ចំនួន ០៨ បន្ទះ​, ប័ណ្ណ​សម្គាល់​យានយន្ត​ចំនួន ០២ សន្លឹក និង​ទុល​ឡឺ​វី​ស​ចំនួន ០២ ដាក់​ក្នុង​កាបូបស្ពាយ ពណ៌ លឿង ចំនួន​មួយ​នៅ​ក្នុង​រថយន្ត​នោះ ដូច្នេះ​កម្លាំង​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង ០២​នាក់​យក​មក​ស្នាក់​ការ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ស្ទឹង​មាន​ជ័យ​ទី​១ ដើម្បី​ធ្វើការ​សាកសួរ​។

វត្ថុ​តាង​ចាប់​យក​ដូច​ជា : រថយន្ត​ម៉ាក​កាម​រី ពណ៌ ស ពាក់​ផ្លា​ក​លេខ ស្វាយ​រៀង ២A-១៩០៨, អាវដៃវែង ពណ៌ ទឹកប៊ិច មាន​សក្តិ​, មាន​សញ្ញា​ស៊ី​ង អ​.​ហ ចំនួន ០២, មាន​ឡូ​ហ្គោ​អក្សរ​កងរាជអាវុធហត្ថ​ចំនួន ០១, ទូរស័ព្ទ​ដៃ​ចាស់ ០១​គ្រឿង ពណ៌ ខ្មៅ​, កាបូបស្ពាយ ពណ៌ លឿង ចំនួន ០១ គ្រឿង​, ផ្លា​ក​លេខ​រថយន្ត ចំនួន​០៨​បន្ទះ (​ភ្នំពេញ ២BK-១៦០៥ ចំនួន​០២​បន្ទះ​, ភ្នំពេញ ២AB-៦៧២២ ចំនួន​០២​បន្ទះ​, ភ្នំពេញ ២BI-៥៨៤៥ ចំនួន​០១​បន្ទះ​, ភ្នំពេញ ២AI-៦១០៨ ចំនួន​០១​បន្ទះ និង​នគរបាល ២-១៤៥២ ចំនួន​០២​បន្ទះ​), ប័ណ្ណ​សម្គាល់​យានយន្ត​ចំនួន ០២ សន្លឹក និង​ទុល​ឡឺ​វី​ស​ចំនួន ០២ ជា​របស់​ជនសង្ស័យ​។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល ខណ្ឌមានជ័យ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ