អ្នកជំនាញ​លួច​កាត់​ខ្សែភ្លើង​មិន​អោយ​ឆក់ ត្រូវ​ជាប់​ខ្នោះ​របស់​សមត្ថកិច្ច

0

ព្រះ​សីហ​នុ ៖ ដោយ​មានការ​ដឹកនាំ​បញ្ជា​ពី​សំណាក់ លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ នៅ​ថ្ងៃ​ព្រហស្បតិ៍ ៦​រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រី​ស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវ​នឹង ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២១ កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ បាន​ធ្វើ​ប្រតិបត្តិការ​បង្ក្រាប​ករណី​លួច​កាត់​ខ្សែភ្លើង​មួយ​ករណី ដោយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​ម្នាក់ ក្នុង​ចំណោម​បក្ខពួក​ចំនួន​០៣​នាក់ ដែល​ធ្វើ​សកម្មភាព​លួច​កាត់ នៅ​ចំណុច​ក្រុមហ៊ុន​យិ​ជា ក្នុងភូមិ​ស្មាច់​ដែង ឃុំ​រាម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

លោក​វរសេនីយ៍ទោ អ៊ួ​ង វុ​ទ្ធី អធិការ​នគរបាល​ស្រុក​ព្រៃ​នប់​បាន​បញ្ជាក់​ថា ជនសង្ស័យ​រួម​មាន ៖ ១-​ឈ្មោះ រឿ​ម គឹ​ន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ​មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅ​ចំណុច អូរ​ត្រេះ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ (​ឃាត់ខ្លួន​បាន​) ។ ២-​ឈ្មោះ ដូង កាន់ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​មុខរបរ​កម្មករ​សំណង់​ស្នាក់​នៅ​ចំណុច អូរ​ត្រេះ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​(​គេចខ្លួន​) ។ ៣-​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​(​គេចខ្លួន​) ។

ដកហូត​វត្ថុ​តាង​បាន​រួម​មាន​៖ ខ្សែភ្លើង​ចំនួន​២៣​កំណាត់ ព្រមទាំង​សម្ភារៈ ឧ​បក​ណ៍​ធ្វើ​សកម្មភាព​មួយ​ចំនួន​ទៀត ។ បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ត្រូវ​បាន​កម្លាំង​ជំនាញ​ធ្វើការ​សាកសួរ នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ ដើម្បី​កសាង​សំណុំរឿង​អនុវត្ត​បន្ត​តាម​ផ្លូវច្បាប់ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ