ភ្នំពេញ ៖ នគរបាលការិយាល័យសណ្តាប់ធ្នាប់រាជធានី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងសណ្តាប់ធ្នាប់នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានចាត់វិធានការក្តៅចំពោះម្ចាស់ផ្ទះ០៤ល្វែងនៅលើកំណាត់ផ្លូវលេខ២៧១ ម្តុំខ្លោងទ្វារវត្តសន្សំកុសល ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅតែចចេសរឹងរូសបន្តដាក់តាំងលក់ឧបករណ៍សម្ភារៈយកចំណីផ្លូវធ្វើអាជីវកម្ម បង្កប៉ះពាល់សណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍ ដោយមិនគោរពអនុវត្តតាមការអបរំណែនាំរបស់សមត្ថកិច្ច ដែលបានទុកពេលវេលារយៈពេល៣ថ្ងៃឱ្យរុះរើដោយខ្លួនឯងកាលពីកន្លងទៅថ្មីៗនេះ លុះដល់ថ្ងៃកំណត់គឺម្ចាស់ផ្ទះទាំងនេះមិនអើពើបំរាមរបស់សមត្ថកិច្ចឡើយ ។
សមត្ថកិច្ចក៏បាននាំយកឧបករណ៍សម្ភារៈមួយចំនួនបំពានលើចំណីផ្លូវសាធារណៈ លើកដាក់រថយន្តបញ្ជូនមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីយកមកផាកពិន័យតាមផ្លូវច្បាប់ ។ ការចុះទៅរៀបចំសណ្តាប់ធ្នាប់ឡើងវិញនៅលើកំណាត់ផ្លូវ២៧១ ម្តុំខ្លោងទ្វារវត្តសន្សំកុសល ក្នុងខណ្ឌមានជ័យ ធ្វើឡើងកាលពីរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ដឹកនាំបញ្ជាកម្លាំងដោយលោកឧត្តមសេនីយ៍ត្រី សែម គន្ធា ស្នងការរងទទួលផែនការងារសណ្តាប់ធ្នាប់ ។
លោកវរសេនីយ៍ឯក អេម សម្បត្តិ នាយការិយាល័យនគរបាលសណ្តាប់ធ្នាប់ប្រាប់ឱ្យដឹងថា ការចុះរៀបចំសណ្តាប់ធ្នាប់ពីសំណាក់កម្លាំងនគរបាលសណ្តាប់ធ្នាប់នៅចំណុចខាងលើ គឺដើម្បីពង្រឹងរក្សាសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍ឱ្យបានល្អប្រសើរ ពីព្រោះនៅគោលដៅនេះតែងកកស្ទះចរាចរណ៍ជាប្រចាំ បង្កដោយការតាំងលក់ឧបករណ៍សម្ភារៈ ឬទំនិញផ្សេងៗពីសំណាក់បងប្អូនអាជីវករដែលបានរំលោភបំពានយកចំណីផ្លូវធ្វើអាជីវកម្ម ហើយមានប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់នៅគោលដៅនេះតែងតែរិះគន់មកលើអាជ្ញាធរសមត្ថកិច្ច ។
លោកនាយការិយាល័យនគរបាលសណ្តាប់ធ្នាប់ប្រាប់ឱ្យដឹងទៀតថា ការចុះរៀបចំសណ្តាប់ធ្នាប់នៅគោលដៅខាងលើនេះផងដែរ គឺឃើញមានបងប្អូនអាជីវករភាគច្រើនបានចូលរួមគោរពអនុវត្តតាមការណែនាំរបស់សមត្ថកិច្ច ដែលបានចុះផ្សព្វផ្សាយអប់រំម្តងរួចមកហើយ នឹងក៏បានទុកពេលវេលា០៣ថ្ងៃឱ្យពួកគាត់រុះរើឧបរកណ៍សម្ភារៈ ទំនិញផ្សេងឱ្យអស់មុនពេលវេលាកំណត់ ។ ប៉ុន្តែមានតែបងប្អូនអាជីវករម្ចាស់ផ្ទះ០៤ល្វែងប៉ុណ្ណោះមិនស្តាប់តាមការណែនាំរបស់សមត្ថកិច្ច នៅពេលនោះកម្លាំងសមត្ថកិច្ចឈប់អប់រំទៀតហើយ គឺបានលើកយកឧបរណ៍សម្ភារៈមួយចំនួនលើកដាក់រថយន្តដើម្បីអនុវត្តតាមផ្លូវច្បាប់ ។
លោកវរសេនីយ៍ឯក អេម សម្បត្តិ នាយការិយាល័យនគរបាលសណ្តាប់ធ្នាប់ប្រាប់ឱ្យដឹងទៀតថា ជុំវិញនៃការចុះរៀបចំសណ្តាប់ធ្នាប់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ កម្លាំងការិយាល័យសណ្តាប់ធ្នាប់អនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងផែនការរបស់រដ្ឋបាលរាជធានីភ្នំពេញជុំវិញការរឹតបន្តឹងអនុវត្តពង្រឹងលើការងារសណ្តាប់ធ្នាប់នេះ កម្លាំងការិយាល័យជំនាញនឹងបន្តចុះសហការជាមួយកម្លាំងតាមបណ្តាខណ្ឌទាំង១៤ប្រើប្រាស់នូវមធ្យោបាយផ្សេងៗ ដើម្បីបន្តចេញដោះស្រាយទៅលើបញ្ហាសណ្តាប់ធ្នាប់ទៅលើគោលដៅមានភាពស្មុគស្មាញនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ឱ្យមានគុណភាពប្រសិទ្ធភាព និងឱ្យល្អប្រសើរ ក្នុងនោះក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទូទៅនាំគ្នាចូលរួមសហការជាមួយអាជ្ញាធរសមត្ថកិច្ចដើម្បីលើកកម្ពស់សោភ័ណភាព សណ្តាប់ធ្នាប់សុវត្ថិភាព ចរាចរណ៍ នៅក្នុង រាជធានីភ្នំពេញឱ្យកាន់តែប្រសើរឡើងតាមរយៈនៃការចូលរួមគោរពច្បាប់ និងសេចក្តីណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ច ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ