សៀមរាប៖ កាលពីថ្ងៃទី១៩ និងទី២០ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅនេះ កម្លាំងអាវុធលើផ្ទៃប្រទេសបានធ្វើការឃាត់ខ្លួនមន្ត្រីយោធា ៣នាក់ ពាក់ព័ន្ធករណីរក្សាទុក និងជួញដូរអាវុធដោយខុសច្បាប់ ដែលសមត្ថកិច្ចរកឃើញលាក់ទុក៣៣ដើម នៅក្នុងចំការមៀន ស្ថិតក្នុងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
ក្នុងនោះបើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអោយដឹងថា មន្ដ្រីយោធា២នាក់ ត្រូវបានចាប់ខ្លួន នៅខេត្តសៀមរាប និងម្នាក់ទៀតចាប់ខ្លួននៅលង្វែក (កំពង់ឆ្នាំង)។ មន្ត្រីយោធា៣នាក់ដែលបានចាប់ខ្លួនរួមមាន៖ ទី១៖ ឈ្មោះ អូន ពិសិដ្ឋ ពាក់ផ្កាយ១ បម្រើការងារនៅអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ, ទី២៖ មន្ត្រីយោធាជាអតីតអនុប្រធានផ្នែកសឹករង ទី៣៖ ជាមន្ត្រីយោធាធម្មតា។ អ្នកទាំង៣ បានបញ្ជូនទៅកាន់តុលាការហើយ ដើម្បីកាត់ទោសតាមច្បាប់ ពាក់ព័ន្ធការជួញដូរអាវុធខុសច្បាប់។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅសមត្ថកិច្ចបានធ្វើការរកឃើញអាវុធចំនួន ៣៣ដើម នៅចំនុចចំការមៀន ស្ថិតក្នុងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង៕
ប្រភព៖ Freshnews