ភ្ញៀវ​ទេសចរណ៍ ១៣​ម៉ឺន​នាក់ ដើរ​លេង​ទូ​ទាំង​ប្រទេស​នៅ​ថ្ងៃ​អុំទូក​ទី​១

0

ភ្នំពេញ​៖ ភ្ញៀវ​ទេសចរ​ប្រមាណ ១៣​ម៉ឺន​នាក់ បាន​ចេញ​ដើរ​លេង​កម្សាន្ត​នៅ​ទូ​ទាំង​ប្រទេស នា​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២១ ដែល​ជា​ថ្ងៃ​ទី​១ នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ដែល​នៅ​ក្នុង​នោះ​មាន​ភ្ញៀវ​ជាតិ ១៣០ ០០២​នាក់ និង​ភ្ញៀវ​ទេសចរ​បរទេស​ផ្ទៃក្នុង ២ ០១១​នាក់ ។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ក្រសួងទេសចរណ៍​។

គោលដៅ​សំខាន់​ៗ នៃ​ការ​ធ្វើ​ដំណើរ​របស់​ភ្ញៀវ​ជាតិ និង​ភ្ញៀវ​ទេសចរ​បរទេស​ផ្ទៃក្នុង រួម​មាន ខេត្ត​ព្រះ​សីហ​នុ ដែល​មាន​ភ្ញៀវ​ទៅ​លេង​កម្សាន្ត​ប្រមាណ ១៨ ០៧៣​នាក់ ខេត្តកំពត មាន​ចំនួន​ប្រមាណ ១៥ ៨៤០​នាក់ ខេត្តសៀមរាប មាន​ចំនួន​ប្រមាណ ១៥ ២៦០​នាក់ ខេត្ត​កែប មាន​ចំនួន​ប្រមាណ ១២ ៨៨០​នាក់ និង​ខេត្តមណ្ឌលគិរី មាន​ចំនួន​ប្រមាណ ១០ ០១០​នាក់ រួម​ជាមួយនឹង​ខេត្ត​ក្រុង​មួយ​ចំនួន​ទៀត​។

ភ្ញៀវ​ទេសចរ​ទាំងអស់ បាន​ផ្តោត​សំខាន់​ទៅ​លើ គ្រប់​គោលដៅ​ទេសចរណ៍​ទាំងអស់​ទូ​ទាំង​ប្រទេស ជា​ពិស​ស គឺ​តំបន់​មាត់សមុទ្រ ទេសចរណ៍វប្បធម៌ អេកូ​ទេសចរណ៍ ក​សិ​-​ទេសចរណ៍ រួម​ជាមួយនឹង​រមណីយដ្ឋាន​កែ​ច្នៃ​ជាដើម​។ របាយការណ៍​ក៏​បាន​បញ្ជាក់​បឋម​ពី​ការ​រំពឹង​ទុក​ថា​នឹង​មានការ​កើនឡើង​នូវ​ភ្ញៀវ​ទេសចរ​ដើរ​កម្សាន្ត នៅ​ថ្ងៃ​ទី​២ និង​ថ្ងៃ​ទី​៣ នៃ​ព្រះរាជ​ពិធីបុណ្យ​អុំ​ទុក​ផង​ដែរ​។

សូម​បញ្ជាក់​ថា កម្ពុជា​បាន​ប្រកាស​បើក​ប្រទេស​ឡើង​វិញ​លើ​គ្រប់​វិស័យ កាលពី​ថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០២១​កន្លង​ទៅ​នេះ និង​ចាប់​បើក​ទទួលភ្ញៀវ​ទេសចរ​វ៉ាក់សាំង និង​អ្នកដំណើរ​ទាំងអស់ ចូល​មក​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា​នេះ ដែល​មិន​តម្រូវ​ឱ្យ​មានការ​ធ្វើ​ច​ត្តា​ឡី​ស័ក ដោយ​ត្រឹមតែ​ការ​ធ្វើតេស្ត​រហ័ស​ពេល​មក​ដល់​ប៉ុណ្ណោះ​។ ដោយឡែក សម្រាប់​គោលដៅ​ទេសចរណ៍​ទាំងអស់ ក៏​បាន​និង​កំពុង​ពង្រឹង​ការ​អនុវត្ត​វិធានការ «៣​កុំ និង ៣​ការពារ​» វិធាន​សុវត្ថិភាព​ទេសចរណ៍ SOP របស់​ក្រសួង​ទេ​ចរណ៍ និង​វិធានការ​សុខាភិបាល​នានា​ក្នុង​ការ​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា – AKP