ឯក​ឧត្តម ម៉ៅ ធនិន​៖ ក្នុង​នាម​មន្ត្រីរាជការ​ត្រូវ​បំពេញភារកិច្ច​បម្រើសេវា​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ប្រកបដោយ​ចំណេះដឹង​វិជ្ជាជីវៈ គុណធម៌ សុជីវធម៌ និង​ការ​ទទួលខុសត្រូវ​ខ្ពស់

0

កំពត​៖ ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១៤​កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅ​សាល​ស​ន្និសិត​បូកគោ សាលាខេត្ត​កំពត ឯកឧត្តម ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​លោក​ជំទាវ ហ៊ុន ចាន់​ធី ម៉ៅ ធនិន និង​ឯកឧត្តម ជឹ​ង ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្តកំពត បាន​អញ្ជើញ​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ និង​មន្ត្រី​ជាប់កិច្ចសន្យា​ចំណុះ​សាលាខេត្ត​កំពត​។

ពិធី​នា​ព្រឹក​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្តម លោក​ជំទាវ សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត លោក លោកស្រី​នាយក នាយករង​រដ្ឋបាល​សាលាខេត្ត លោក លោកស្រី​នាយក នាយករង​ទីចាត់ការ ប្រធាន អនុប្រធាន​អង្គភាព មន្ត្រីរាជការ ចំណុះ​សាលាខេត្ត និង​មន្ត្រី​ជាប់កិច្ចសន្យា​។

មាន​ប្រសាសន៍​សំណេះសំណាល​នា​ឱកាស​នោះ ឯកឧត្តម អភិបាលខេត្ត​បាន​សំដែង​នូវ​ការ​កោត​ស​សើរ​ចំពោះ​មន្ត្រីរាជការ​សាលាខេត្ត​គ្រប់​ឋានានុក្រម ដែល​កន្លង​មក​បាន​ខិតខំ​បំពេញភារកិច្ច​បម្រើសេវា​ជូន​បងប្អូន​ប្រជាពលរដ្ឋ​បាន​ល្អ​ប្រសើរ​។

ឯកឧត្តម​បាន​បញ្ជាក់​ទៀត​ថា ក្នុង​នាម​មន្ត្រីរាជការ​ត្រូវ​បំពេញភារកិច្ច​បម្រើសេវា​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ប្រកបដោយ​ចំណេះដឹង​វិជ្ជាជីវៈ គុណធម៌ សុជីវធម៌ និង​ការ​ទទួលខុសត្រូវ​ខ្ពស់ ត្រូវ​ប្រកាន់ខ្ជាប់​នូវ​កត្តា​សាមគ្គីភាព ក្នុង​នាម​គ្រួសារ​មន្ត្រីរាជការ​យើង​។

ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ប្រទេស​យើង​មាន​សន្តិភាព​ពេញ​បរិបូរណ៍ ដែល​បាន​មក​ពី​ការ​យក​ជីវិត​ទៅ​ប្តូរ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដូច្នេះ​យើង​ទាំងអស់​គ្នា​ត្រូវ​ចូលរួម​ថែរក្សា ការពារ​នូវ​សន្តិភាព​ដ៏​មាន​តម្លៃ​នេះ​ឲ្យ​បាន​គង់វង្ស ដើម្បី​កូនចៅ​ជំនាន់​ក្រោយ​របស់​យើង​។

ក្នុង​ឱកាស​នោះ​ឯកឧត្តម​បាន​ឧបត្ថម្ភ​ដល់​ឯកឧត្តម លោក​ជំទាវ សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត មន្ត្រីរាជការ មន្ត្រី​ជាប់កិច្ចសន្យា​ទាំងអស់ ដោយ​ម្នាក់​ៗ​ទទួល​បាន​ថវិកា​ចំនួន​៥០​ម៉ឺន​រៀល អង្ករ​១​បាវ ៥០​គ​.​ក មី​១​កេះ និង​ត្រីខ​១​យួរ​៕

ប្រភព៖ រដ្ឋបាលខេត្តកំពត