ភ្នំពេញ ៖ នៅលើកំណាត់ផ្លូវលេខ២៧១ ម្តុំខ្លោងទ្វារវត្តសន្សំកុសល ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលតែងរងការកកស្ទះចរាចរណ៍បង្កប៉ះពាល់សណ្តាប់សុវត្ថិភាពចរាចរណ៍ដោយការយកចិញ្ចើមផ្លូវធ្វើអាជីវកម្មពីសំណាក់អាជីវករនៅម្តុំនោះ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងការិយាល័យសណ្តាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះទៅរៀបចំសណ្តាប់ធ្នាប់និងរំដោះចិញ្ចើមផ្លូវឱ្យបានធំទូលាយនឹងឱ្យមានរបៀបរយល្អឡើងវិញ ជាមួយនឹងការព្រមានទុកពេលវេលា០៣ថ្ងៃចំពោះបងប្អូនអាជីវករត្រូវរុះរើ ឱ្យអស់ដោយខ្លួនឯង នូវឧបករណ៍សម្ភារៈ រឺទំនិញផ្សេង ដែលបានដាក់តាំងលក់រំលោភលើចិញ្ចើមផ្លូវនោះ ប្រសិនផុតឱសានវាទមិនគោរពទៅតាមការណែនាំរបស់សមត្ថកិច្ចនឹងត្រូវចាត់វិធានការតាមផ្លូវច្បាប់នោះហើយ។ ការចុះរៀបចំសណ្តាប់ធ្នាប់នៅលើកំណាត់ផ្លូវ២៧១នេះផងដែរ នៅទន្ទឹមដែលអាជ្ញាធរសមត្ថកិច្ច រាជធានីភ្នំពេញ កំពុងដាក់ចេញនូវវិធានការចុះពង្រឹងអនុវត្តនៃការរៀបចំសណ្តាប់ធ្នាប់នៅតាមដងផ្លូវនានាដែលមានភាពស្មុគស្មាញក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក អេម សម្បត្តិ នាយការិយាល័យនគរបាលសណ្តាប់ធ្នាប់ប្រាប់ឱ្យដឹងថា ការចុះរៀបចំសណ្តាប់ធ្នាប់នៅពេលនេះ ដែលមានការដឹកនាំបញ្ជាកម្លាំងផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី សែម គន្ធា ស្នងការរងទទួលផែនការងារសណ្តាប់ធ្នាប់ ដើម្បីពង្រឹងអនុវត្តលើការងារសណ្តាប់ធ្នាប់នេះឱ្យមានភាពប្រសើរហើយកម្លាំងនឹងបន្តចុះអនុវត្តជាប្រចាំទៅលើគោលដៅនានាដែលមានភាពស្មុគស្មាញ។
លោកវរសេនីយ៍ឯក អេម សម្បត្តិ នាយការិយាល័យនគរបាលសណ្តាប់ធ្នាប់ប្រាប់ឱ្យដឹងទៀតថា ជុំវិញនៃការចុះរៀបចំសណ្តាប់ធ្នាប់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ កម្លាំងការិយាល័យសណ្តាប់ធ្នាប់អនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ នឹងបន្តចុះសហការជាមួយកម្លាំងតាមបណ្តាខណ្ឌទាំង១៤ ប្រើប្រាស់នូវមធ្យោបាយផ្សេងៗ ដើម្បីបន្តចេញដោះស្រាយទៅលើបញ្ហាសណ្តាប់ធ្នាប់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ឱ្យមានគុណភាពប្រសិទ្ធភាពនិងឱ្យល្អប្រសើរក្នុងនោះ ក៏អំពាវនាវឱ្យប្រជាពលរដ្ឋទូទៅនាំគ្នាចូលរួមសហការជាមួយអាជ្ញាធរសមត្ថកិច្ច ដើម្បីលើកកម្ពស់សោភ័ណភាព សណ្តាប់ធ្នាប់សុវត្ថិភាព ចរាចរណ៍ នៅក្នុងរាជធានីភ្នំពេញឱ្យកាត់តែប្រសើរឡើង តាមរយៈនៃការចូលរួមគោរពច្បាប់ និងសេចក្តីណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ច៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ- General Commissariat of National Police