បន្ទាយមានជ័យ)៖ បន្ទាប់ពីបានទទួលដំណឹងពីករណីសង្ស័យពុលស្រា ដែលបណ្តាលឱ្យមានប្រជាពលរដ្ឋចំនួន០៧នាក់ ស្លាប់បាត់បង់ជីវិតកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅមណ្ឌលចត្តាឡីស័ក ស្ថិតនៅភូមិកូបធំ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានក.ប.ប បានបញ្ជាឱ្យមន្ត្រីជំនាញរបស់សាខាក.ប.ប. ខេត្តបន្ទាយមានជ័យ ចុះពិនិត្យនិងស្រាវជ្រាវនៅកន្លែងកើតហេតុ ដើម្បីប្រមូលយកសំណាកគំរូមកវិភាគរកមូលហេតុនៃការស្លាប់បាត់បង់ជីវិត។
នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ មន្ត្រីជំនាញសាខាក.ប.ប. ខេត្តបន្ទាយមានជ័យ បានចុះដល់កន្លែងកើតហេតុ និងទទួលបានព័ត៌មានបឋមមានប្រជាបលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅក្នុងមណ្ឌលចំនួន ២៤នាក់ ក្នុងចំណោម៣៥នាក់ដែលបានហូបស្រា មានអាការៈតឹងទ្រូង ថប់ដង្ហើម ងងឹតមុខ រាគរូស ចុកទ្រូង ជាដើម បន្ទាប់ពីបានហូបស្រាដែលផ្សំឡើងពីអាល់កុល លាយជាមួយភេសជ្ជៈអូអ៊ីឈិ និងស្ទីង ហើយត្រូវបានក្រុមគ្រូពេទ្យដែលប្រចាំការនៅមណ្ឌលចត្តាឡីស័ក បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។ ក្រោយមកដោយស្ថានភាពអ្នកជម្ងឺធ្ងន់ធ្ងរពេក ទើបបណ្តាលឱ្យប្រជាពលរដ្ឋចំនួន០៧នាក់ ត្រូវបានស្លាប់បាត់បង់ជីវិតជាបន្តបន្ទាប់។ ដោយមានការសង្ស័យពីមូលហេតុនៃការពុល អាចបណ្តាលមកពីការបរិភោគស្រាដែលមានសារធាតុមេតាណុល មន្ត្រីជំនាញបានប្រមូលយកសំណាកគំរូស្រាដែលជនរងគ្រោះបានបរិភោគសល់ យកមកវិភាគរកសារធាតុមេតាណុល ដែលជាសារធាតុពុល។ យោងលទ្ធផលវិភាគបឋមនៅមន្ទីរពិសោធន៍ខ្នាតតូចរបស់សាខាក.ប.ប.ខេត្តបន្ទាយមានជ័យ បានបង្ហាញឱ្យឃើញថា៖ គំរូស្រាដែលទទួលបានពីកន្លែងកើតហេតុ មានវត្តមានសារធាតុមេតាណុលកម្រិតខ្ពស់ ដែលអាចជាមូលហេតុធ្វើឱ្យអ្នកហូបស្លាប់បាត់បង់ជីវិត។ បន្ទាប់មក មន្ត្រីជំនាញសាខាក.ប.ប.ខេត្តបន្ទាយមានជ័យ បានបញ្ជូនសំណាកគំរូស្រាទាំងនោះមកវិភាគបន្តនៅមន្ទីរពិសោធន៍អគ្គនាយកដ្ឋានក.ប.ប. ដើម្បីបញ្ជាក់លទ្ធផលបន្ថែម៕
ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF