បើ​បាន​ទៅ​ខេត្តសៀមរាប កុំ​ភ្លេច​ឆ្លៀត​ទៅ​ពិធី​ដាល់អំបុក នៅ​ស្រុក​បន្ទាយស្រី

0

សៀមរាប​៖ រដ្ឋបាល​ស្រុក​បន្ទាយស្រី បាន​ប្រកាស​រៀបចំ​ពិធី​ដាល់អំបុក​រយ​:​ពេល ៣​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​០៥ ដល់​ថ្ងៃ​ទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ នៅ​បរិវេណ​មណ្ឌល​(​រង្វង់​មូល​)​បន្ទាយស្រី ដែល​កម្មវិធី​នេះ​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ម៉ោង​៨​ព្រឹក រហូត​ដល់​ម៉ោង​៥​ល្ងាច និង​កម្មវិធី​តន្ត្រី​ស្គរ​ដៃ បាន​ប្រារព្ធ​បន្ត​ចាប់ពី​ម៉ោង​៥​ល្ងាច ដល់​ម៉ោង​៧​យប់ ។

លោក ឃឹម ហ្វី​ណ​ង់ អភិបាលស្រុក​បន្ទាយស្រី បាន​មាន​ប្រសាសន៍​ថា ការ​រៀបចំ​កម្មវិធី​ដាល់អំបុក​នេះ ក្រោម​កិច្ចសហការ​រវាង​ប្រជាពលរដ្ឋ​មក​ពី​ភូមិ​ព្រះ​ដាក់ ក្នុង​ឃុំ​ព្រះ​ដាក់ រួម​ជាមួយ​សហគមន៍​ទេសចរណ៍​នានា នៃ​ស្រុក​បន្ទាយស្រី ក្នុង​គោលបំណង​បង្ហាញ​ពី​ទំនៀមទម្លាប់​ប្រពៃណី​ចាស់​បុរាណ ក្នុង​ស្រុកភូមិ​នៅ​ពេល​ចាប់ផ្តើម​ប្រមូល​ផល​ស្រូវ​ថ្មី និង​ជា​ការ​បង្ហាញ​ឱ្យ​ភ្ញៀវ​ទេសចរ ដែល​បាន​ធ្វើ​ដំណើរ​ឆ្លងកាត់​រង្វង់​មូល​នេះ បានឃើញ​ផង​ដែរ ។

លោក ឃឹម ហ្វី​ណ​ង់ មាន​ប្រសាសន៍​បន្ត​ថា ស្រូវ​ដែល​ត្រូវ​យក​មក​ដាល់អំបុក​នា​ពេល​នេះ គឺជា​ស្រូវ​ច្រូតកាត់​ពី​រង្វង់​មូល​បន្ទាយស្រី​នេះ ដោយ​ច្រូត​ភ្លាម​យក​មក​ដាក់​អំបុក​ភ្លាម ហើយ​សម្រាប់​ភ្ញៀវ​ទេសចរ ដែល​មាន​ចាប់​ណាប់​អារម្មណ៍​ជាមួយនឹង​អំបុក​ស្រូវ​ថ្មី​នេះ អាច​ចូល​មក​ទិញ​បាន ឬ​អាច​ច្រូតស្រូវ​ដោយ​ខ្លួនឯង ហើយ​យក​មក​ដាល់អំបុក​ដោយ​ខ្លួនឯង​ក៏​បាន ដើម្បី​បង្ហាញ​នូវ​ការ​កំសាន្ត​អារម្មណ៍​សប្បាយ​ផង និង​ឈ្វេងយល់​ពី​របៀប នៃ​ការ​ផលិត​អំបុក​របស់​ប្រជាជន​នៅ​តាម​ភូមិ នៃ​តំបន់​ជនបទ​ផង ជា​ពិសេស​សម្រាប់​ភ្ញៀវ​ទេសចរ ដែល​ចូល​មក​កម្សាន្ត​នៅ​ទី​នេះ ត្រូវ​តែ​ពាក់​ម៉ាស់ រក្សា​គម្លាត ធ្វើ​យ៉ាងណា​ធានា​ឱ្យ​បាន​នូវ​សុវត្ថិភាព​សុខាភិបាល ដោយ​មិន​ឱ្យ​មានការ​ប្រមូលផ្តុំ​កកកុញ​នោះ​ទេ បើ​ទោះជា​យើង​ចង់​ជំរុញ​ឱ្យ​មាន​ចរន្ត​ទេសចរ​ឡើង​វិញ ក្នុង​កម្រិត​ណា​ក៏​ដោយ ក៏​យើង​ត្រូវ​តែ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ក្នុង​ការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​មេរោគ​កូ​វី​ដ​-១៩​ដែរ ។

លោក​អភិបាលស្រុក​បន្ទាយស្រី បាន​បញ្ជាក់​បន្ថែម​ថា រង្វង់​មូល​បន្ទាយស្រី ត្រូវ​បាន​ធ្វើការ​កែប្រែ និង​អភិវឌ្ឍន៍​ទៅ​តាម​រដូវ​កាល ក្នុង​ន័យ​ជា​គោលដៅ​ទេសចរណ៍ ដូច​ជា ពេល​រដូវវស្សា​យើង​ដាំ​ស្រូវ និង​រដូវរំហើយ យើង​ដាំ​ផ្កា ដែល​អាច​ឱ្យ​ភ្ញៀវ​ទេសចរ​មក​លំហែកាយ និង​ថតរូប​លេង​កម្សាន្ត​សប្បាយ​ផង​ដែរ​៕

ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK