ពុទ្ធោ​! តម្លៃ​សំបុត្រ​យន្តហោះ​កម្ពុជា​-​ចិន ឡើងថ្លៃ​ដល់​ទៅ​ចន្លោះ​ពី ៥​ពាន់​ដុល្លារ ទៅ ១​ម៉ឺន​ដុល្លារ

0

ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ មានការ​ភ្ញាក់ផ្អើល​មួយ​ធ្លាប់​មាន ដោយសារ​តែ​តម្លៃ​សំបុត្រ​យន្តហោះ​រវាង​កម្ពុជា​និង​ចិន​មានការ​ឡើងថ្លៃ​ខ្លាំង​រហូត​ចន្លោះ​ពី ៥​ពាន់ ទៅ​ជាង​១​ម៉ឺន​ដុល្លារ​។ ដោយ​ជា​ធម្មតា​តម្លៃ​សំបុត្រ​ចន្លោះ​ប្រហែល ៤០០​ទៅ​៥០០​ដុល្លារ​ប៉ុណ្ណោះ ដែល​នេះ​ធ្វើ​អោយ​តម្លៃ​ខុស​គ្នា​ជិត២០​ដង​។​

​ក្នុង​នោះ​លោក ហូរ វណ្ណ​ឌី ទីប្រឹក្សា​សមាគម​ទេសចរណ៍​កម្ពុជា និង​ជា​អគ្គនាយក​ក្រុមហ៊ុន​ភ្នាក់ងារទេសចរណ៍ វើ​ល អ៊ិ​ច​ប្រេស បាន​បញ្ជាក់​នៅ​មូលហេតុ​ដែល​ធ្វើ​អោយ​តម្លៃ​សំបុត្រ​ឡើងថ្លៃ​នេះ​ថា “​ដោយសារ​តែ​ថា​មាន​ហេតុផល​ទី​១. នៅ​ខាង​ចិន​គ្មាន​ជើង​យន្តហោះ​មក​កម្ពុជា ជា​លក្ខណៈ​ពាណិជ្ជកម្ម ហើយ​ទី​២. យើង​ឃើញ​ហើយ​ពេល​មាន​មក​ម្តង​ៗ​ជា​លក្ខណៈ​ជួល​។ ការ​ដែល​ជួល​នេះ​ហើយ ដែល​ធ្វើ​ឱ្យ​តម្លៃ​នេះ​វា​ផ្ទុះ​កាន់តែ​ខ្លាំង​។ កន្លង​មក​យើង​ឃើញ​ហើយ​នៅ​ស្រុក​ចិន សំបុត្រ​យន្តហោះ​តែ ៤០០​ដុល្លារ​, ៥០០​ដុល្លារ ឬ​៧០០​ដុល្លារ​ទៅ​៨០០​ដុល្លារ ប៉ុន្តែ​ក្នុងអំឡុងពេល​កូ​វី​ដ​ផ្ទុះ​ខ្លាំង គឺ​មានការ​កើនឡើង​ខ្លាំង ចាប់ពី​៥​ពាន់​ដុល្លារ​ដល់​ជាង​១​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ជើង​។ វា​ជា​ប្រវត្តិសាស្ត្រ សម្រាប់​សំបុត្រ​យន្តហោះ ថ្លៃ​ខ្ពស់​ហួស​ពី​ការ​ស្មាន​”​។​

​ក្នុង​នោះ​លោក​ស៊ិ​ន ចាន់​សិរី​វុ​ត្ថា រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរ​ស៊ី​វិល បានអោយ​ដឹង​ថា “​យើង​ដឹង​ហើយ​ថា ខាង​ចិន​គាត់​មាន​វិធានការ​តឹងតែង​មុន​នឹង​ចេញ និង​ចូល អីចឹង​ភ្ញៀវ​ធ្វើ​ដំណើរ គឺ​គាត់​ពិបាកធ្វើ​ដំណើរ ការ​ហោះហើរ​ក៏​អត់​សូវ​មាន​ដែរ មួយ​អាទិត្យ​មាន​មួយ​ជើង ឬ​ក៏​ពីរ​ជើង ហើយ​មួយ​ជើង ឬ​ក៏​ពីរ​ជើង​ភាគច្រើន​ទៅ​ពី​ខ្មែរ​ទៀត ហោះ​មក​ពី​ចិន​អត់​សូវ​មាន​មនុស្ស​។ អីចឹង​នៅ​ពេល​ដែល​ភ្នាក់ងារ​អាកាសចរណ៍ គេ​ប្រមូល​បាន​មនុស្ស​គ្រប់​ហើយ គេ​ហៅ​យន្តហោះ​មក ប៉ុន្តែ​ហោះ​មក​គឺ​ទទេ ដូច្នេះ​តម្លៃ​ហោះ​មក​ទទេ​គាត់​គិត​មួយ​ជា​ពីរ ទើប​សំបុត្រ​វា​ឡើងថ្លៃ​”​។​

​លោក ហូរ វណ្ណ​ឌី បាន​បន្ថែម​ថា ក្នុង​ករណី​ដែល​ពួក​គាត់​ទប់ស្កាត់ ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩​បាន យើង​ជឿជាក់​ថា ខាង​រដ្ឋាភិបាល​ចិន ពី​ព្រោះថា​រដ្ឋាភិបាល​ចិន លោក​មាន​សុភ​វិនិច្ឆ័យ ក្នុង​ការ​ទំនាក់ទំនង​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក៏​ដូច​ជា​ប្រទេស​កម្ពុជា យើង​ឃើញ​ហើយ គាត់​មក​វិនិយោគ គាត់​មក​ទេសចរ ដូច្នេះ​យើង​ជឿជាក់​ថា គាត់​អាច​នឹង​ជួយ​ជំរុញ​នៅ​ពេល​ភាព​រលត់​នៃ​ជំងឺ​រាតត្បាត ហើយ​យើង​សង្ឃឹមថា គាត់​នឹង​នាំ​ទេសចរ​មក​កម្ពុជា​ខ្លាំង​ដូច​មុន​៕

ដកស្រង់៖ Freshnews