ក្រចេះ៖ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចេញនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១នេះ ស្តីអំពីការបើកការស៊ើបអង្កេតបឋម ដោយមន្ត្រីនគរបាលយុត្តិធម៌ នៃកងរាជអាវុធហត្ថខេត្តក្រចេះ លើករណីប្រើអំពើហិង្សាទៅលើក្មេងស្រីជាកូនឈ្នួលបម្រើនៅផ្ទះ បណ្តាលអោយរងរបួស ពេលបច្ចុប្បន្នកំពុងសម្រាកព្យាលបាលនៅមន្ទីរពេទ្យ។ ជនបង្កឈ្មោះ ទេព ហ៊ុយ ជាមេបញ្ជាការអាវុធហត្ថក្រុងក្រចេះ ត្រូវបានកម្លាំងអាវុធហត្ថតាមចាប់វាយខ្នោះ។
បើតាមការបញ្ជាក់របស់ នាយឧត្តមសេនីយ៍ សៅ សុខា បានអោយដឹងថា “ខ្ញុំឱ្យបង្ក្រាបទាំងអស់ ចំពោះអ្នកពាក់ព័ន្ធប៉ុន្មាន ពីព្រោះវាជារឿងពាលដល់ថ្នាក់ហ្នឹង គ្មានដឹងសីលធម៌ ធ្វើបាបកូនក្មេងតូចៗ អត់បានទេ រឿងនេះខ្ញុំម៉ឺងម៉ាត់ដាច់ខាត ពួកប្រព្រឹត្តបទល្មើសទាំងនេះ ខ្ញុំមិនទុកនៅក្នុងអង្គភាពជាដាច់ខាត ទោះបីស័ក្តិប៉ុណ្ណា ក៏មិនឱ្យរួចខ្លួនដែរ ពីព្រោះវាជាករណីឃោឃៅ ព្រៃផ្សៃ ដែលខ្ញុំមិនអាចទទួល យកបានឡើយ ជាពិសេសទៅលើក្មេងតូចៗទៀត”។
គួរបញ្ជាក់ថាករណីវាយក្មេងស្រីទាំង២ ខាងលើត្រូវបានកើតឡើងនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅក្រុងក្រចេះ ខេត្តក្រចេះ។ ដោយក្មេងស្រីម្នាក់ឈ្មោះ ត្រែក ធារ៉ា អាយុ១២ឆ្នាំ និងឈ្មោះ វ៉ន ពិសី អាយុ១២ឆ្នាំ។ ក្នុងនោះនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១នេះថា ពួកគេទាំង២នាក់ បានធ្វើឲ្យកូនឆ្កែងាប់។ ក្រោយពីសត្វឆ្កែនោះងាប់លោក ហ៊ុយ បានវាយធ្វើបាបដោយបោចសក់ និងយកជើងម៉ាពណ៌ក្រហម វាយក្បាលចំនួន ២ជើងម៉ា ហើយកូនចៅលោក ហ៊ុយ បានវាយមកលើនាងចំនួន ០៣កំភ្លៀង។ ចំណែកម្ដាយក្មេងស្រីរងគ្រោះ បានបញ្ជាក់ថា កូនស្រីរបស់គាត់បានប្រាប់គាត់ថា គេទះកំភ្លៀងកូនរបស់គាត់ និងយកជើងម៉ាវាយក្បាល ថែមទាំងឱ្យស៊ីអាចម៍ឆ្កែ និងឱ្យដេកអោបផ្នូខ្មោចឆ្កែចំនួន ១យប់ទៀត៕