ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ មន្ត្រីស៊ើបអង្កេតរបស់អគ្គនាយកដ្ឋាន ក.ប.ប. បានចុះប្រតិបត្តិការត្រួតពិនិត្យគុណភាពអាល់កុល នៅទីតាំងមួយកន្លែង ក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ប្រតិបត្តិការនេះ បានធ្វើឡើងបន្ទាប់ពីមន្ត្រីជំនាញបានធ្វើការស្រាវវជ្រាវរកឃើញថា ទីតាំងនេះមានស្តុកទុក ដើម្បីចែកចាយលក់អាល់កុលនៅតាមបណ្តាទីផ្សារនៅទូទាំងប្រទេស។ បន្ទាប់ពីបានត្រួតពិនិត្យ មន្ត្រីជំនាញបានរកឃើញអាល់កុលក្លែងក្លាយ(មេតាណុល) ចំនួន ១៥៧ប៊ីដុង ស្មើនឹង៤ ៧១០លីត្រ នៅទីតាំងផ្ទះមួយកន្លែងស្ថិតនៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បន្ទាប់មក មន្ត្រីជំនាញបានធ្វើការស៊ើបអង្កេតបន្ត និងបានកំណត់ទីតាំងឃ្លាំងស្តុកអាល់កុលមួយកន្លែងទៀត ហើយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ ដោយទទួលបានការអនុញ្ញាតពីព្រះរាជអាជ្ញា អមសាលាដំបូងរាជធានីភ្នំពេញ និងទទួលបានការចូលរួមពីមន្ត្រីនគរបានប្រឆាំងបទល្មើសសេដ្ឋកិច្ចរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌ និងសង្កាត់ មន្ត្រីអគ្គនាយកដ្ឋាន ក.ប.ប. បានចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញមួយកន្លែងស្ថិតនៅក្នងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយបានរកឃើញអាល់កុលក្លែងក្លាយ ឬមេតាណុលចំនួន ៣៧៥ប៊ីដុង ស្មើនឹង ១១ ២៥០លីត្រ។
លទ្ធផលសរុបក្នុងប្រតិបត្តិការបង្ក្រាបទាំង២ថ្ងៃនេះ មន្ត្រីជំនាញ បានរកឃើញ និងរឹបអូលអាល់កុលក្លែងក្លាយចំនួន ១៥ ៩៦០លីត្រ ដើម្បីអនុវត្តនីតិវិធីបន្ត៕
ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF