ចាក់​គេ​ហើយ​រត់​ពី​កំពង់សោម​ទៅ​សៀមរាប ចុង​ក្រោយ​នៅ​គេច​មិន​ផុត

0

ព្រះ​សីហ​នុ​-​នគរបាល​ឃាត់ខ្លួន​ជន​ស​ង្ស​យ័​ម្នាក់​មុខរបរ​រត់​ម៉ូតូ​កង់​៣ ពី​បទ​ប្រើ​ហឹ​ង្សា​មាន​ស្ថាន​ទម្ងន់ទោស​យក​កាំបិត​ចាក់​ជនជាតិ​ចិន​ម្នាក់​បណ្តាល​អោយ​រង​របួស​ធ្ងន់ធ្ងរ​ក្នុង​ក្រុងព្រះសីហនុ រួច​ហើយ​គេចខ្លួន​ទៅ​ខេត្តសៀមរាប​។

លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ឲ្យ​ដឹង​ថា អំពើ​ហឹ​ង្សា​នេះ​កើតឡើង​កាលពី​យប់​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ ២០២១ វេលា​ម៉ោង​០៤​និង​២១​នាទី​ទៀប​ភ្លឺ នៅ​ចំណុច​ទល់មុខ​សណ្ឋាគារ​ស៉ី​ហ៊ូ ស្ថិត​នៅ​ក្រុម​២ ភូមិ​១ សង្កាត់​លេខ​៣​ក្រុងព្រះសីហនុ​។ ដើមហេតុ ជន​រង​គ្រោះ​ឈ្មោះ CHEN JIALI ភេទ ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ ចិន បាន​ជួល​ម៉ូតូ​កង់​បី​ជិះ​ជាមួយ​មិត្ត​ស្រី​ចេញពី​ឆ្នេរ​អូ​ឈើទាល មក​ដល់​ចំណុច​កើតហេតុ ក៍កើត​មាន​ជម្លោះ​ជាមួយ​អ្នក​បើក​ម៉ូតូ​កង់​បី ក្នុង​ពេល​នោះ​អ្នក​បើក​ម៉ូតូ​កង់​៣ បាន​ចាក់​ទៅ​លើ​ជន​រង​គ្រោះ​ចំ ពោះ​ផ្នែក​ខាងឆ្វេង​បណ្តាល​អោយ​រង​របួស​ធ្ងន់ធ្ងរ សន្លប់​បាត់ស្មារតី​បច្ចុប្បន្ន​កំពុង​ជួយ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ថៃ​ខាងក្នុង​ក្រុងព្រះសីហនុ បន្ទាប់​មក​ជន​ស​ង្ស​យ័​បាន​គេចខ្លួន​ទៅ​ខេត្តសៀមរាប​។

ក្រោយ​ការ​ស្រាវជ្រាវ​តាម​ជំនាញ នៅ​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០២១ វេលា​ម៉ោង ១៦.០០ នាទី​ល្ងាច កម្លាំង​ជំនាញ​របស់​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ បាន​សហការ​ជាមួយ សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៃ​ក្រសួងមហាផ្ទៃ និង​កម្លាំង​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ធ្វើការ​ស្រាវជ្រាវ និង​ឃាត់ខ្លួន ជនសង្ស័យ ឈ្មោះ ថង សម្បត្តិ អាយុ​៤៨​ឆ្នាំ ជនជាតិ​ខ្មែរ នៅ​ចំណុច​បេនឡាន​ក្រុង បុរី​សៀង​ណាំ ក្នុង ក្រុង​សៀមរាប ខេត្តសៀមរាប រួច​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ ដើម្បី​ចាត់ការ​បន្ត​ទៅ​តាម​ផ្លូវច្បាប់​៕

ប្រភព៖ Huy Bunleng