កុំ​បារម្ភ​! ទោះបីជា​បាត់​កាត​ចាក់​វ៉ាក់សាំង​ក៏​ដោយ នៅ​តែ​អាច​ទទួល​បានការ​ចាក់​ដូ​ស​ជំរុញ​ដ​ដែរ

0

ភ្នំពេញ​៖ ក្រសួងសុខាភិបាល ក៏​ដូច​ជា​ក្រសួងការពារជាតិ បាន​ចាប់ផ្តើម​យុទ្ធ​ធនា​ការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​១៩ ដូ​ស​ជំរុញ (​ដូ​ស​ទី​៣) ជូន​ប្រជាពលរដ្ឋ​កម្ពុជា​ហើយ​។ ប៉ុន្តែ​នៅ​ក្នុង​នោះ ក៏​មានការ​ចោទ​ជា​សំនួរ​មួយ​ពី​សំណាក់​ពលរដ្ឋ​ដែល​បាន​ចាក់ វ៉ាក់សាំង​២​លើក​រួច​មក​ហើយ ប៉ុន្តែ​បាត់​កាត តើ​ពួក​គាត់​ធ្វើ​យ៉ាងណា​ទើប​អាច​ទទួល​បានការ​ចាក់​វ៉ាក់សាំង​លើក​ទី​៣​នេះ?

សម្រាប់​បញ្ហា​មួយ​នេះ លោក​ជំទាវ ឱ វណ្ណ​ឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វី​ដ ១៩​ក្នុង​ក្រប​ខណ្ឌ​ទូ​ទាំង​ប្រទេស បាន​លើក​ឡើង​នៅ​កាលពី​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០២១ កន្លង​ទៅ​ថា “​រឿង​កាត​ចាក់​វ៉ាក់សាំង​ខ្ញុំ​ធ្លាប់​បាន​ធ្វើការ​អំពាវនាវ ក៏​ដូច​ជា​ណែនាំ​ច្រើន​លើក​ច្រើន​សារ​ដែរ​ហើយ​។ ហើយ​ខ្ញុំ​ក៏​បាន​បញ្ជាក់​ច្បាស់​ទៀត សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​មានការ​ថែរក្សា​នូវ​កាត​វ៉ាក់សាំង​នេះ​ឲ្យ​បាន​ល្អ​មែនទែន​។ ពីព្រោះ​យើង​មាន​កាត​ដូច​ជា​ប្រជាជន Passport ហើយ​ឥឡូវនេះ​កាត​វ៉ាក់សាំង​នេះ​ត្រូវ​រក្សា​ទុក​ដូច​គ្នា​អ៊ីចឹង ឲ្យ​វា​ល្អ​កុំ​ឲ្យ​វា​បាត់បង់​។​ប៉ុន្ដែ​នៅ​ពេល​មានការ​បាត់បង់ សូម​បងប្អូន​នៅ​ពេល​លោក​មក​ចាក់​វ៉ាក់សាំង (​ដូ​ស​ទី​៣) ពីព្រោះ​ថា​មុន​ពេល​ដែល​ចេញ​កាត​គេ​មាន​ប្រព័ន្ធ​របស់​គេ ទាំង​ខាង​កងទ័ព ទាំង​ខា​ស៊ី​វិល​។ អ៊ីចឹង​បើ​បងប្អូន​ធ្លាក់​ចាក់​ខាង​កងទ័ព សូម​អញ្ជើញ​ទៅ​ខាង​កងទ័ព ទៅ​កន្លែង​ដែល​បងប្អូន​ធ្លាក់​ទៅ​ចាក់ ដើម្បី​ទៅ​ជម្រាប​សួរនាំ ដើម្បី​ឲ្យ​គេ​ឆែក មើល​នៅ​ក្នុង​ប្រព័ន្ធ ប្រសិនបើ​នៅ​ក្នុង​ប្រព័ន្ធ​ឃើញ​ឈ្មោះ​បងប្អូន​ចាក់​អី​ពិតប្រាកដ​។ អ៊ីចឹង​គេ​នឹង​ចាត់ចែង​រៀបចំ ដើម្បី​ឲ្យ​មាន ដូច​ជា​ការ​បញ្ជាក់ ឬ​ក៏​អាច​ថា​នៅ​ពេល​ដែល​បងប្អូន​ទទួល​បាន​ដូ​ស​ជំ​រុស (​ដូ​ស​ទី​៣)​។

ក្នុង​នោះ​លោក​ជំទាវ បាន​បន្ថែម​ទៀត​ថា បងប្អូន​ដែល​មាន​តម្រូវការ​ចាក់​វ៉ាក់សាំង​ហើយ​នេះ យើង​ក៏​មិន​ឲ្យ​មានការ​រាំងស្ទះ​ដែរ អ៊ីចឹង​អ្វី​ដែល​សំខាន់​គឺ​សូម​បងប្អូន​ទៅ​កាន់​ទីតាំង​ចាក់​វ៉ាក់សាំង ហើយ​សូម​ឲ្យ​ក្រុម​គ្រូពេទ្យ ឡើង​មើល​លើ​ប្រព័ន្ធ​អី​ឲ្យ​បាន​ត្រឹមត្រូវ ប្រសិនបើ​ឃើញ​ឈ្មោះ​បងប្អូន ថា​ពិត​ប្រាកដជា​បាន​ចាក់​វ៉ា​សាំង​ដូ​ស​ទី​១ ដូ​ស​ទី​២​មាន​ថ្ងៃខែ​អី​ត្រឹមត្រូវ​ហើយ ក្រុម​គ្រូពេទ្យ​នឹង​មានការ​សម្រេច​ដើម្បី​ចាក់​ដូ​ស​ទី​៣ ជូន​បងប្អូន​។ ហើយ​អាច​នៅ​ពេល​នោះ ប្រសិនបើ​មានការ​សម្រេច​ថា​ត្រូវ​ជូន​កាត​ថ្មី យើង​ជូន តែបើ​ត្រូវ​បញ្ជាក់ ឬ​រង់ចាំ​ការ​ណែនាំ​អី​ម៉េច​ទៀត យើង​នឹង​ណែនាំ​បន្ថែម​ទៀត​៕