អភិបាលខេត្ត​សៀមរាប​៖ សម្តេច​នាយក​រដ្ឋមន្ត្រី សម្រេច​រំសាយ រាល់​តំបន់​ក្រហម លឿងទុំ ទាំងអស់​ទូ​ទាំង​ប្រទេស​ដើម្បី​ទុក​លទ្ធភាព​អោយ បងប្អូន​ប្រជាពលរដ្ឋ​អាច​ចេញ​មក​រកស៊ី​ទទួលទាន​ឡើង​វិញ

0

សៀមរាប​៖ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប ដែល​បាន​បង្ហោះ​នៅ​ក្នុង​បណ្តាញ​សង្គម​នៅ​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០២១​នេះ បានអោយ​ដឹង​ថា “៧+៧=១៤” ឬ “៧+៧+៧=២១” បទ​ពិសោធន៍​ដែល​យើង​ទាំងអស់​គ្នា ត្រូវ​ចង​ចាំ ចំពោះ​ក្រុង​សៀមរាប និង​ស្រុក​មួយ​ចំនួន នៃ​ខេត្តសៀមរាប ដែល​ជាប់​ជា​តំបន់​ក្រហម និង​លឿងទុំ​។ ភាព​លំបាក វេទនា និង​ការ​ប្រឈម​នៃ​ការ​ឆ្លង​(​កូ​វី​ដ​-១៩) គឺ​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់​ជា​អ្នក​ទទួលផល​ប៉ះពាល់​ផ្ទាល់ ក្នុង​តំបន់​បិទ​ខ្ទប់​នេះ ដូច​ជា​៖
-​ការ​បាត់បង់​ការងារ បាត់បង់​ចំណូល​គ្រួសារ
-​ការ​ខ្វះខាត​ស្បៀង ម្ហូបអាហារ និង​សម្ភារ​ប្រើប្រាស់​ចាំបាច់​ជាដើម

បំណង​របស់ខ្ញុំ របស់​អ​ជ្ញា​ធរ​គ្រប់​លំដាប់ថ្នាក់ គឺ​មាន​តែ ២​ប៉ុណ្ណោះ​៖
១. ការពារ​បងប្អូន​ប្រជាពលរដ្ឋ​ពី​ការ​ឆ្លង​កូ​វី​ដ​-១៩ កាត់​ផ្ដាច់​ប្រភព​ចម្លង ការពារ​ថែទាំ​អាយុជីវិត​បងប្អូន ជៀសវាង​ការ​បាត់បង់​សមាជិក​ក្រុម​គ្រួសារ​របស់​ទាំងអស់​គ្នា ដោយ​ជំងឺ​នេះ​។
២. ធ្វើ​យ៉ាងណា​អោយ​ខេត្តសៀមរាប ត្រឡប់​មក​រក​ភាព​ដើម​វិញ ដោយ​មាន​ភ្ញៀវ​ទេសចរ​ជាតិ និង អន្តរជាតិ មក​កំសាន្ត​យ៉ាង​កុះករ ក្នុង​តំបន់
-​បងប្អូន​ប្រជាពលរដ្ឋ អាច​មានការ​ងារ​ធ្វើ​ឡើង​វិញ
-​បងប្អូន​ប្រជាពលរដ្ឋ អាច​រក​ប្រាក់​ចំណូល អាច​ទ្រទ្រង់​នូវ​តម្រូវការ​ជីវភាព​ឡើង​វិញ

តែ​ជា​ការ​សោកស្តាយ​ណាស់​ដែល​កន្លង​មក មាន​បងប្អូន​ប្រជាពលរដ្ឋ​មួយ​ចំនួន​តូច ដែល​មិន​អនុវត្ត​តាម​ការ​ណែនាំ​របស់​រាជរដ្ឋាភិបាល របស់​ក្រសួងសុខាភិបាល របស់​អាជ្ញាធរ​ខេត្ត ព្រមទាំង​មាន​សកម្មភាព ប្រហែស ប្រហើ​ន ឆ្លៀតឱកាស​ចំណេញ សប្បាយ​តែ​មួយ​គ្រា ធ្វើ​អោយ​មានការ​ឆ្លង​នៃ​ជំងឺ​នេះ​កាន់តែ​ច្រើន​ឡើង​ៗ ដោយ​មិន​បាន​គិត​ពី ផលប្រយោជន៍​រួម មិន​បាន​គិត​ពី​ផល​ប៉ះពាល់​ដល់​អ្នក​ដ៏​ទៃ ដូច​ជា មិន​មាន​ភាព​អាណិតអាសូរ​ដល់​៖
-​អ្នក​ដែល​គោរព​យ៉ាង​ត្រឹមត្រូវ និង​អនុវត្ត​តាម​ការ​ណែនាំ​កន្លង​មក
-​អ្នក​ដែល​បាត់បង់​ការងារ បាត់បង់​ចំណូល ស្បៀង ផ្គត់ផ្គង់​ដល់​ក្រុម​គ្រួសារ
-​អ្នក​ដែល​មាន លោកយាយ លោកតា ចាស់ជរា ស្ត្រី​មាន​ផ្ទៃពោះ កុមារ​តូច​ៗ​ក្នុងផ្ទះ
-​អ្នក​ដែល​បាត់បង់​សមាជិក​ក្រុម​គ្រួសារ ស្លាប់​ដោយ​កូ​វី​ដ​-១៩

វា​អយុត្តិធម៌​ណាស់​ចំពោះ​បងប្អូន​ភាគច្រើន ដែល​សហការ និង​គោរព​តាម​ការ​ណែនាំ​។ ខ្ញុំ​នឹង​ដាក់​វិធានការ​រដ្ឋបាល មួយ​ចំនួន​បន្ថែម​ទៀត ដើម្បី​ដាក់ទោស​ដល់​អ្នក​ដែល​ប្រព្រឹត្ត​ផ្ទុយ​ពី​ការ​ណែនាំ អោយ​ធ្ងន់ធ្ងរ​បំផុត​។

យោង​តាម​ប្រសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់ របស់ សម្តេច​នាយក​រដ្ឋមន្ត្រី ដែល​បាន​យល់​ច្បាស់​ពី​ទុក្ខ​លំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ ក្នុង​តំបន់​បិទ​ខ្ទប់ លោក​បាន​សម្រេច​រំសាយ រាល់​តំបន់​ក្រហម លឿងទុំ ទាំងអស់​ទូ​ទាំង​ប្រទេស​ដើម្បី​ទុក​លទ្ធភាព​អោយ បងប្អូន​ប្រជាពលរដ្ឋ​អាច​ចេញ​មក​រកស៊ី​ទទួលទាន​ឡើង​វិញ តែ​កុំបី​ភ្លេច​អនុវត្ត “៣​ការពារ ៣​កុំ​” ថែម​ទាំង​ចាក់​វ៉ាក់សាំង​។

ខ្ញុំ​នឹង​ស្នើ​ទៅ សម្តេច​នាយក​រដ្ឋមន្ត្រី ដាក់​តំបន់​ក្រហម​ឡើង​វិញ នា​ពេល​ដែល​បងប្អូន​ប្រជាពលរដ្ឋ​មួយ​ចំនួន​តូច បន្ត​បំពាន មិន​អនុវត្ត​តាម​វិធានការ​សុខាភិបាល ៣​ការពារ ៣​កុំ បណ្តាល​អោយ​ឆ្លង​ក្នុង​សហគមន៍​ធ្ងន់ធ្ងរ​ម្តងទៀត​។

រដ្ឋបាល​ខេត្ត ក៏​ដូច​ជា មន្ទីរ​សុខាភិបាល និង​បន្ត បើក​មណ្ឌល​ព្យាបាល មណ្ឌល​ច​ត្តា​ឡី​ស័ក និង​សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ណា ដែល​មាន​អាការ​សង្ស័យ អាច​មក​យក​សំណាក និង​ព្យាបាល​បាន​តាម​ការ​ស្ម័គ្រចិត្ត ជៀសវាង​ទៅ​ចម្លង​ដល់​អ្នក​ដ៏​ទៃ​ទៀត​។
និង​សូម​អំពាវនាវ​ជា​ចុង​ក្រោយ​គឺ យើង​ត្រូវ​តែ​ចេះ “​រៀន​រស់​តាម​បែប​គន្លង​ថ្មី​” ត្រូវ​កែ​ហេដ្ឋារចនាសម្ព័ន្ធ និង​បំពាក់​ឧបករណ៍ សម្ភារ ដែល​អាច​រក្សា​គម្លាត​បាន​ចំពោះ​ទីតាំង​ទាំងអស់​ក្នុង​ខេត្តសៀមរាប ដូច​ជា​៖

-​វត្ត​អារាម
-​ផ្សារ​រដ្ឋ​-​ឯកជន តូច ធំ
-​រមណីយដ្ឋាន ភោជនីយដ្ឋាន
-​សហគមន៍​ទេសចរ
-​តំបន់​ទេសចរ ក្នុង​ប្រាសាទ និង​ក្រៅ​ប្រាសាទ
-​សាលារៀន​រដ្ឋ​-​ឯកជន
និង​ទីប្រជុំជន​មួយ​ចំនួន ។​ល​។ ជម្រុញ​អោយ​មានការ​ប្រើប្រាស់ សេ​វ៉ា​ដឹក​ជញ្ជូន​អោយ​បាន​ច្រើន​បំផុត ដូច​ជា រ៉ឺ​មក់​កង់​៣ និង​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ផង​ដែរ ជៀស​ការ​ប៉ះពាល់​ផ្ទាល់​។
ខ្ញុំ​នៅ​តែ​សង្ឃឹម និង​ជឿជាក់​ថា​យើង​អាច​ធ្វើ​បាន ខ្ញុំ​ធ្វើ​តែ​ម្នាក់ឯង មិន​បាន​ទេ មាន​តែ​បងប្អូន​ប្រជាពលរដ្ឋ​ទេ​ដែល​សម្រេច លើ​វាសនា​របស់​ខេត្ត​យើង ចូលរួម​ទាំងអស់​គ្នា យើង​និង​ជោគជ័យ ទាំងអស់​គ្នា​។
?? សម​ជូនពរ ពុក​ម៉ែ​បងប្អូន​ទាំងអស់​ជៀស​ផុត​ពី​ជំងឺ​កូ​វី​ដ​-១៩ ទាំងអស់​គ្នា សូម​អរគុណ​៕