ភ្នំពេញ៖ បន្ទាប់ពីមានការចែកចាយនៅវីដេអូមួយ ទាក់នឹងមន្ត្រីក្រសួងកសិកម្ម ដែលបានធ្វើការរឹបអូស យកសាច់សត្វពពែដែលប្រជាពលរដ្ឋសម្លាប់ ដោយចោទថាមិនបានសុំច្បាប់។ ស្រាប់តែនៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១នេះ តាមរយៈផេកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើការប្រតិកម្មចំពោះបញ្ហានេះថា៖
“តើមន្ត្រីយើងធ្វើដល់ថ្នាក់នេះជាមួយប្រជាជនមែនទេ?រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិបាលខេត្តដឹងរឿង នេះឬទេ? តើរាជរដ្ឋាភិបាលមានដែលហាមឃាត់ប្រជាជនមិនអោយសម្លាប់ពពែយកសាច់ជាអាហារ ពីពេលណាមក ទើបបានជាមន្ត្រីយើងធ្វើមកលើប្រជាជនបែបនេះ?
យើងលើកទឹកចិត្តអោយប្រជាជនចិញ្ចឹមសត្វ មិនមែនទុកសម្រាប់ទុកតាំងពិពរណ៍ទេ គឺសម្រាប់ជាចំណី អាហារ។ ហេតុអីបានប្រជាជនចិញ្ចឹមសត្វគ្មានសិទ្ធិសម្លាប់សត្វយកសាច់ទទួលទានហើយតម្រូវឱ្យសុំច្បាប់។ បើមានក្នុងច្បាប់គឺត្រូវធ្វើវិសោធនកម្មច្បាប់។
ខ្ញុំមិនដឹងថារូបភាពក្នុងវីដេអូនេះកើតនៅក្នុងខេត្តណាទេ។ សុំរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិបាលខេត្ត ស្រាវជ្រាវហើយចូលមកបំភ្លឺអោយខ្ញុំតាមហ្វេសបុកនេះ ដើម្បីអោយប្រជាជនបានដឹងជាទូទៅ។
ខ្ញុំហួសចិត្តនិងអាណិតប្រជាជនជាទីគោរពស្រលាញ់របស់ខ្ញុំ”៕