ចាប់ខ្លួនជនជាតិចិន ៤នាក់ ដកកាំភ្លើង ភ្ជង់គំរាមជនជាតិចិន ដូចគ្នា

0

ភ្នំពេញ​៖​ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាកម្លាំង អធិការនគរបាល ក្រុងព្រះសីហនុ បានធ្វើការស្រាវជា្រវបង្ក្រាប បានជនសង្ស័យចំនួន ០៤ នាក់ ជាជនជាតិចិន នៅចំណុចមុខហាងលក់ខោអាវ លីម ហុង ស្ថិតនៅភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ​ ករណីដកកាំភ្លើងភ្ជង់គំរាម ទៅលើជនជាតិចិនដូចគ្នា។

នគរបាល​ខេត្តព្រះសីហនុ​ បានឲ្យថា​ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង២១និង៣០នាទី មានប្រជាពលរដ្ឋ ០១ នាក់ ជាជនជាតិចិន បានទូរស័ព្ទមករាយការណ៍តាម ប្រព័ន្ធHotline​ របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ថាមានជនជាតិចិន ០៤ នាក់ ជិះរថយន្ត ០១ គ្រឿង ម៉ាក Lexus GS300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BF-7554 បានដកកាំភ្លើងខ្លីភ្ជង់គំរាមបាញ់ខ្លួន។

បន្ទាប់ពីទទួលបាន ដំណឹងភ្លាម កម្លាំងការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានសហការជាកម្លាំង អធិការនគរបាលក្រុងព្រះសីហនុ បានធ្វើការស្រាវជា្រវបង្ក្រាប បានជនសង្ស័យចំនួន ០៤ នាក់ ជាជនជាតិចិន នៅចំណុចមុខហាងលក់ខោអាវ លីម ហុង ស្ថិតនៅភូមិ ៣ សង្កាត់ ៤ ក្រុង-ខេត្តព្រះសីហនុ និងបានបង្កើតជាគណៈកម្មការ ត្រួតពិនិត្យរថយន្ត ក៏រកឃើញមានកាំភ្លើងខ្លី ចំនួន០២ ដើម ម៉ាក ROLO S&W.357 MAGNUM មានលេខសម្គាល់ E2VP13-21060106 គ្រាប់ចំនួន ០៦ គ្រាប់ និងម៉ាក CZ75 មានលេខសម្គាល់ 20-01216 ,គ្រាប់ចំនួន ៣១ គ្រាប់ ប្រភេទ9mm ក្នុងរថយន្តនៅកម្រាលជើងកៅអីផ្នែកខាងក្រោយ ។

វត្ថុតាងចាប់យកបាន ៖ រថយន្ត ០១ គ្រឿង ម៉ាក Lexus GS300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BF-7554 ,​កាំភ្លើងខ្លី ចំនួន ០២ដើម ម៉ាក ROLO S&W.357 MAGNUM មានលេខសម្គាល់ E2VP13-21060106 គ្រាប់ចំនួន ០៦ គ្រាប់ និងម៉ាក CZ75 មានលេខសម្គាល់ 20-01216 ,គ្រាប់ចំនួន ៣១ គ្រាប់ ប្រភេទ9mm​។ បច្ចុប្បន្ន​ សមត្ថកិច្ច​កំពុង​កសាងសំណុំរឿងចាត់ការតាមនីតិវិធី​៕