ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១នេះ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទស៊ីណូវ៉ាក់ (Sinovac) ចំនួន២.៥លានដូសថែមទៀត ត្រូវបានដឹកជញ្ជូនមក ដល់ប្រទេសកម្ពុជាហើយ ដើម្បីចាក់ជូនប្រជាពលរដ្ឋឥតគិតថ្លៃ។
ក្នុងចំណោមវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន ២.៥លានដូសថ្មីនេះ មានវ៉ាក់សាំងចំនួន ២លានដូស ជាការបញ្ជាទិញរបស់ រាជរដ្ឋាភិបាលកម្ពុជា និង ៥០ម៉ឺនដូសទៀត ជាការបរិច្ចាគរបស់ក្រុមហ៊ុន Sinovac ជូនដល់រាជរដ្ឋាភិបាលកម្ពុជា។
រាជរដ្ឋាភិបាលកម្ពុជា បានស្វះស្វែងយ៉ាងខ្លាំង ក្នុងការរកវ៉ាក់សាំងមក ចាក់ជូនប្រជាពលរដ្ឋឥតគិតថ្លៃ ដែលពេលនេះ កម្ពុជាបានទទួលវ៉ាក់សាំង បង្ការជំងឺកូវីដ១៩ សរុបជិត ៣០លានដូសហើយ ដើម្បីចាក់ជូនប្រជាពលរដ្ឋ ក្នុងនោះប្រទេសចិន បានផ្គត់ផ្គត់វ៉ាក់សាំង ដល់កម្ពុជាច្រើនជាងគេបង្អស់។ ក្រៅពីនោះមានអង្គការ សុខភាពពិភពលោក តាមរយៈយន្តការខូវ៉ាក់ ប្រទេសជប៉ុន អង់គ្លេស និងសហរដ្ឋអាមេរិក តាមរយៈខូវ៉ាក់ផងដែរ។
វត្តមានដ៏ច្រើននៃវ៉ាក់សាំងរបស់ចិន បានរួមចំណែកដ៏សំខាន់ជួយឱ្យកម្ពុជា សម្រេចនូវផែនការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋអាយុ ១២ឆ្នាំឡើង ប្រមាណជា ១២លាននាក់ បានសម្រេចមុនផែនការ។ វត្តមានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ចិន នៅកម្ពុជា បានបង្ហាញច្បាស់ពីស្មារតី នៃមិត្តភាពដែកថែបរវាងចិន និងកម្ពុជា ដែលជាស្មារតីជួយជ្រោមជ្រែង គ្នារាល់ការលំបាក។ ជាពិសេសបានបង្ហាញនូវស្មារតី ចូលរួមដ៏ខ្លាំងក្លារបស់ចិន ក្នុងការជួយប្រយុទ្ធប្រឆាំងនឹង ជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា៕