ភ្នំពេញ៖ គ្រាន់តែឳពុកម្ដាយក្មេងសួរថា «កូនឯងរកប្រាក់បានចាយទេ ហើយជួយមើលប្រពន្ធ ឱ្យបានស្រួលបួលផង» កូនប្រសារចិត្តខ្លាំង ក៏កើតក្ដីតូចចិត្តទាញកាំភ្លើងកែច្នៃ បាញ់សម្លាប់ខ្លួនឯង ។ ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលកាលពីរសៀល ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ នៅក្នុងចំការដំឡូង ស្ថិតនៅភូមិត្រពាំងថ្ម ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប ។
ជនរងគ្រោះឈ្មោះ រើន ណារិន ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិ ត្រពាំងថ្ម ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប។
បើតាមអ្នកស្រី ខាវ ស៊ើង អាយុ ៤៥ឆ្នាំ ត្រូវជាម្តាយបង្កើតរបស់ជនរងគ្រោះ រស់នៅភូមិឃុំខាងលើ បានរៀបរាប់ឲ្យដឹងថា កូនប្រុសរបស់គាត់ បានយកប្រពន្ធ ឈ្មោះ មឿន ស្រីវ៉ាន់ កាលពីខែកក្កដា ឆ្នាំ២០២១ កន្លងទៅ ហើយបានរស់នៅជាមួយគាត់ មួយរយៈ ។ ក្រោយមក គេបានទៅរស់នៅ ខាងឪពុកម្តាយក្មេក របស់គេ ឯខេត្តឧត្តរមានជ័យ ហើយរកស៊ីនៅទីនោះ។ លុះនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ កូនប្រុសគាត់និងប្រពន្ធ បានមករស់នៅជា មួយគាត់វិញ នៅភូមិត្រពាំងថ្ម ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប ដោយគេបានយកកាំភ្លើងឆ្នុក មកជាមួយផង មិនដឹងគេបានមកពីណាទេ ។
ក្រោយពេលមករស់នៅ ជាមួយគាត់យូរថ្ងៃ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ឪពុកម្តាយក្មេក របស់កូនប្រុសខ្លួន បានទូរស័ព្ទមក ហើយសួរកូនគាត់ថា កូនឯងរកប្រាក់បានចាយទេ ហើយជួយមើលប្រពន្ធ ឱ្យបានស្រួលបួលផង ។ ពេលនោះទំនងកូនប្រុស របស់គាត់ចិត្តច្រើន ខឹងឪពុកក្មេកសួរនាំបែបឌឺដង និងមិនជួយផ្តល់លុយ កាក់ជួយកូនគិតតែរករឿង វាក៏មិនមាត់ក អីទេ។ លុះថ្ងៃកើតហេតុដោយសារ កូនប្រុសរបស់គាត់ ជាក្មេងទំនើង ចិត្តឆេវឆាវ កំរោលចូល មិនស្តាប់ការណែនាំពី អ្នកណាចេះតែមានចិត្តមានៈ ក៏បាញ់សម្លាប់ខ្លួនឯងតែម្តង។
ក្រោយមានការបំភ្លឺពីម្តាយរួច កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុក បានធ្វើការត្រួតពិនិត្យ លើសាកសពខាងលើ គឺឃើញមានស្នាមមុត ក្រោមចង្កាខាងឆ្វេង ធ្លាយចូលបំពង់ក ដោយគ្រាប់កាំភ្លើងឆ្នុក មានទំហំប៉ុនគ្រាប់ពីដាងកង់ ក្រៅពីនេះ ពុំមានស្នាកស្នាម ផ្សេងទៀតឡើយ។ ជាមួយនេះដោយសារសាក្សីនៅកន្លែងកើតហេតុ បានប្រាប់ថា ក្មេងប្រុសនេះ បាញ់សម្លាប់ខ្លួនរួច ទើបពួកគាត់ បានឃើញកាំភ្លើងឆ្នុក នៅជាប់នឹងជនរងគ្រោះផង ទើបសមត្ថកិច្ចប្រគល់សពឲ្យ ក្រុមគ្រួសារយកទៅ ធ្វើបុណ្យតាមប្រពៃណី ៕