ឃាត់ខ្លួនស្ត្រីម្នាក់ រឹបអូសគ្រឿងញៀន មួយចំនួនធំ

0

ភ្នំពេញ៖ ស្រ្តីម្នាក់ ត្រូវបានកម្លាំងជំនាញ ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាល កំពងស្រឡៅពីរ និងប៉ុស្តិ៍នគរបាលការពារព្រំដែនកំពង់ព្រះឥន្ធ ធ្វើឃាត់ខ្លួន កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅភូមិ កំពង់សាម៉ី ឃុំកំពង់ស្រឡៅពីរ ស្រុកឆែប ខេត្តព្រះវិហារ ។

យោងតាមស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានឱ្យដឹងថា ជនសង្ស័យ ឈ្មោះ អិត ណាងណយ ហៅ ណយ ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ រស់នៅភូមិកំពង់សាម៉ី ឃុំកំពង់ស្រឡៅពីរ ស្រុកឆែប ខេត្តព្រះវិហារ ។

វត្ថុតាង និងសម្ភារដកហូតបានរួមមានៈ ថ្នាំគ្រាប់ប្រភេទហ្វេតាមីន(WY) ចំនួន ៨៦៤គ្រាប់ ស្មើនឹងទម្ងន់ ៨៧.៧២ក្រាម, ទូរស័ព្ទដៃចំនួន ០២គ្រឿង, លុយខ្មែរចំនួន ២.០០០.០០០រៀល, លុយដុល្លារចំនួន ៤.៧០០ដុល្លារ, និងលុយឡាវចំនួន ៤.០០០.០០០គីប។

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង សមត្ថកិច្ចកំពុងកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕