ចាប់ខ្លួនមេខ្យល់ម្នាក់ ប៉ុនប៉ងនាំមនុស្សឆ្លងដែន ចូលទៅប្រទេសថៃ ដោយខុសច្បាប់

0

ភ្នំពេញ៖ កម្លាំងអធិការដ្ឋាន នគរបាលស្រុកកំរៀង បានធ្វើការស្រាវជ្រាវ បង្រ្កាបមុខសញ្ញា នាំយកចេញដោយមិនស្របច្បាប់ សម្រាប់នាំឆ្លងដែន ទៅប្រទេសថៃ ១លើក ឃាត់ខ្លួនមេខ្យល់១នាក់ និងទប់ស្កាត់ពលរដ្ឋ បំរុងឆ្លងដែនខុសច្បាប់ចំនួន ០៦នាក់ ស្រី ០៣នាក់ ត្រង់ចំនុចក្រុមទី៦ ភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១១និង៣០នាទី។

លោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុកកំរៀង បានអោយដឹងថា ដោយអនុវត្តតាមយោបល់ដឹកនាំ របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លើការងារបង្ក្រាបមេខ្យល់ និងទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ កម្លាំងអធិការដ្ឋាននគរបាលស្រុកកំរៀង សហការណ៍ជាមួយកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ ៨១៩ ដែលមានលោកវរសេនីយ៍ឯក ម៉ង់ ស៊ី ជាមេបញ្ជាការ បានធ្វើការបង្ក្រាបករណីនាំយកចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែនបានមួយករណី ក្នុងបទល្មើសជាក់ស្ដែង។

ក្នុងនោះបានឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ ដោយមានប្រជាពលរដ្ឋ ដែលសន្និដ្ឋានថាជាពលករ និងកូនចៅរបស់គាត់ ជាជនរងគ្រោះក្នុងអំពើនាំចេញ នេះចំនួន ០៦នាក់ ស្រីចំនួន៣នាក់ អនីតិជនចំនួន ០១នាក់ ស្រី០១នាក់។

មេខ្យល់មានឈ្មោះ ធឿង សូវៀត ហៅ ហ៊ុប ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ កម្មករ ស្នាក់នៅភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។

ឆ្លងតាមការស្ដាប់ចម្លើយ របស់ឈ្មោះ ធឿង សូវៀត ហៅ ហ៊ុប មានបានសារភាពថា ខ្លួនបាននាំពលករទាំង០៦នាក់ ខាងលើលួចឆ្លងដែនចេញ ទៅប្រទេសថៃដោយស៊ីឈ្នួលឲ្យឈ្មោះ លីន ភេទស្រី រស់នៅក្នុងផ្សារថៃ (បានឡែម) ប្រទេសថៃ មិនដែលបានជួបមុខគ្នា ដោយយកថ្លៃឈ្នួលក្នុងម្នាក់ចំនួន ១០ម៉ឺនរៀល ហើយកន្លងមកខ្លួន ក៏បានធ្លាប់នាំពលករលួចឆ្លងដែន ចេញទៅថៃឲ្យឈ្មោះ លីន ភេទស្រី ចំនួន២លើក មកហើយ។

នាពេលនេះ ជនសង្ស័យជាមេខ្យល់ ខាងលើត្រូវបានសមត្ថកិច្ច នគរបាលស្រុកកសាងសំណុំរឿង បញ្ជូនមកការិយាល័យ ជំនាញអនុវត្តតាមច្បាប់ រីឯប្រជាពលរដ្ឋរងគ្រោះបានអប់រំណែនាំឱ្យវិលទៅលំនៅដ្ឋានវិញ៕