ព្រោះគំនុំ! អតីតប្អូនថ្លៃ យកកណ្ដៀវកាប់បងថ្លៃរយះក្បាល

0

ភ្នំពេញ៖ បុរសម្នាក់ ត្រូវបានសមត្ថកិច្ច ធ្វើការឃាត់ខ្លួន ពាក់ករណីយកកន្តៀវវាយ និងកាប់ទៅលើបងថ្លៃបណ្តាលអោយរងរបួសធ្ងន់ នៅចំណុចក្រុមទី២៦ ភូមិអូរស្រឡៅ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។

យោងតាមអគ្គស្នងការ នគរបាលជាតិ បានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ប៉ោ មី ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិអូរស្រឡៅ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង បានយកដំបង ឈើនិងកន្តៀវ វាយហើយកាប់់ទៅលើជនរងគ្រោះម្នាក់ ឈ្មោះ ទុយ កុសល ភេទប្រុស អាយុ ៤២ឆ្នាំ មានទីលំនៅចំណុចកើតហេតុខាងលើ បណ្តាលអោយរងរបួសត្រូវចំក្បាលជង្គង់ឆ្វេងមួយកន្លែង ចំក្បាលពីក្រោយចំនួនមួយកន្លែង។

តាមការបញ្ជាក់ ពីសមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យចងគំនុំ នឹងជនរងគ្រោះ ដែលជាអតីតបងថ្លៃ ដោយគិតថាជនរងគ្រោះ ជាអ្នកញុះញ៉ង់អោយប្រពន្ធខ្លួន លែងលេះរហូត មានសតិមិនគ្រប់ កើតជាហិង្សា ប្រើដំបងឈើនិងកន្តៀវវាយ និងកាប់ទៅលើជនរងគ្រោះ បណ្តាលអោយរងរបួសធ្ងន់ធ្ងរ។

ករណីនេះ សមត្ថកិច្ចនគរបាលស្រុក បានរៀបចំកសាងសំណុំរឿង បញ្ជូនមកការិយាល័យ ជំនាញនៃស្នងការដ្ឋាន នគរបាលខេត្ត ដើម្បីចាត់ការតាមនិតិវិធី ច្បាប់៕