បុរសម្នាក់បើកម៉ូតូលឿន ខ្វះការប្រុងប្រយ័ត្ន ជ្រុលបុកក្មេងប្រុសម្នាក់ដើរឆ្លងផ្លូវ រងរបួសធ្ងន់

0

ភ្នំពេញ៖ កាលរសៀលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងអ្នកថ្មើរជើង បណ្តាលឲ្យមនុស្សរងរបួសធ្ងន់ម្នាក់ និងរងរបួសស្រាលម្នាក់ ។ ហេតុការណ៍នេះកើតឡើង នៅចំណុចមុខវត្តក្រពើពីរលើ ភូមិក្រពើពីរលើ ឃុំក្រពើពីរ ស្រុកវាលវែងខេត្តពោធិ៍សាត់ ។

តាមរបាយការណ៍របស់ អធិការដ្ឋាននគរបាលស្រុកវាលវែង បានឲ្យដឹងថា ជនបង្កមានឈ្មោះ ស៊ន សឿម ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិកររស់នៅភូមិសំឡាញ ឃុំក្រពើពីរ ស្រុកវាលវែង (រងរបួសស្រាល) បើកបរម៉ូតូម៉ាកទ្រីមC១២៥ សេរី ឆ្នាំ២០០៨ ផ្លាកលេខបាត់ដំបង១AC-១៩៨៥ បើកបរពីលិចទៅកើតក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ បានជ្រុលទៅបុកក្មេងឈ្មោះ សែត សុវណ្ណជលសា ភេទប្រុស អាយុ១០ឆ្នាំ រស់នៅភូមិក្រពើពីលើ ឃុំក្រពើពីរ ស្រុកវាលវែង ដែលកំពុងដើរឆ្លងផ្លូវ បណ្ដាលឲ្យរងរបួសធ្ងន់បាក់ជើងខាងស្ដាំ និងត្រូវបានគេបញ្ចូន ទៅមន្ទីរពេទ្យខេត្តពោធិ៍សាត់ ។

ប្រភពរបាយការណ៍បានឲ្យដឹងទៀតថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលមកពីកត្តាល្បឿន និងខ្វះការប្រុងប្រយ័ត្ន។ ចំពោះម៉ូតូត្រូវបានសមត្ថកិច្ច យកទៅរក្សាទុកនៅប៉ុស្តិ៍ នគរបាលរដ្ឋបាលក្រពើពីរ ដើម្បីចាត់ការទៅតាមនីតិវិធី ៕