ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់ បន្ទាប់ពីជិះម៉ូតូលឿន ជ្រុលចូលក្រោមរថយន្តក្រឡុកស៊ីម៉ង់ត៍ បណ្តាលឱ្យកិនបែកក្បាល ធ្លាយខួរស្លាប់ភ្លាម។ ចំណែកតៃកុងរថយន្ត បានចុះរត់គេចខ្លួនបាត់។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង នៅផ្លូវ៥៩៨ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក កាលពីយប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១។ ជនរងគ្រោះឈ្មោះ រីក សុខខេង អាយុ ២៨ឆ្នាំ ស្នាក់នៅបន្ទប់ជួល ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
ក្រោយកើតហេតុសមត្ថកិច្ច ចុះមកយករថយន្តបង្ក និងម៉ូតូរងគ្រោះទៅរក្សាទុកនៅ ការិយាល័យនគរបាលចរាចរណ៍ ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយពេលក្រោយ និងបន្តតាមរកតៃកុងរថយន្ត បង្កយកមកទទួលខុសត្រូវមុខច្បាប់ ៕




