ភ្នំពេញ៖ ជនសង្ស័យចំនួន ៣នាក់ បានធ្វើសកម្មភាពគាស់ផ្ទះយកទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋមួយកន្លែងនៅចំណុច ផ្ទះលេខ២១៦ ផ្លូវវត្តចាស់ ក្រុមទី១ ស្ថិតភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ ដោយយកបានទូរស័ព្ទទំនើបចំនួន ២គ្រឿង នាឡិកាដៃទំនើប ១គ្រឿង ខ្សែក ១ខ្សែ ហើយលាក់ខ្លួនអស់ជិត១ខែ ស្រាប់តែត្រូវបានអាវុធហត្ថខណ្ឌជ្រោយចង្វារ ធ្វើការស្រាវជ្រាវ រកឃើញមុខសញ្ញា និងធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់រហូត តាមទៅឃាត់ខ្លួនដល់ខេត្តកំពង់ចាម និងបានដកហូតយកទ្រព្យសម្បត្តិ ជនរងគ្រោះត្រឡប់មកប្រគល់ជូន ម្ចាស់ដើមវិញផងដែរ។
ជនសង្ស័យទី១ ឈ្មោះ ធី ផានិត ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះលេខ១៩៦E1 ផ្លូវ១១០ ភូមិ១០ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ និង ជនសង្ស័យទី២ឈ្មោះស៊ុន ម៉ាលីគី ហៅកី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបររត់កង់បី ទីលំនៅភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ត្រូវបានមូលដ្ឋាន អាវុធហត្ថខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនកាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១។ ជនសង្ស័យទី៣ ឈ្មោះ ពេជ មុន្នីភក្ដី ហៅនិច ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះលេខ២៥៨ ផ្លូវពេទ្យសត្វ ក្រុមទី១៣ ភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បានគេចខ្លួនទៅខេត្តកំពង់ចាម ត្រូវបាន កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ និងអាវុធហត្ថខណ្ឌជ្រោយចង្វារ បន្តសហការជាមួយកម្លាំងជំនាញ អាវុធហត្ថខេត្តកំពង់ចាម តាមចាប់ខ្លួនជនសង្ស័យបាន នៅវេលាម៉ោង១៤៖៤៧នាទី ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ នៅចំណុចភូមិទី៩ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។
ក្រុមចោរទាំងនេះ បានសារភាពថា កន្លងមកពួកគេ តែងតែប្រើប្រាស់គ្រឿងញៀន និង ធ្លាប់ធ្វើសកម្មភាពលួចជាច្រើនលើក ច្រើនសារដោយមិនរើសមុខ ពោលគឺដូចជា៖ លួចទាក់ឆ្កែប្រជាពលរដ្ឋ, លួចទូរស័ព្ទ, លួចមាន់, លួចបេះផ្លែស្វាយប្រជាពលរដ្ឋទាំងបាវៗ, លួចដែកក្នុងការដ្ឋានសំណង់, លួចកាត់ខ្សែភ្លើង និងលើកចុងក្រោយលួចផ្លោះរបងចូលគាស់ផ្ទះ យកទ្រព្យសម្បត្តិប្រជាពលរដ្ឋ ក៏ត្រូវអស់លក្ខជាប់ខ្នោះសមត្ថកិច្ចអាវុធហត្ថ តែម្តង។
នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១នេះ ជនសង្ស័យទាំង០៣នាក់ ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យ ប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់ ៕