ភ្នំពេញ៖ លោក ពុទ្ធ សុទ្ធ មន្ត្រីបច្ចេកទេស នៃនាយកដ្ឋានអភិរក្សប្រាសាទ ក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា មានឱ្យដឹងនៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នេះថា ក្រុមអ្នកបច្ចេកទេស នៃនាយកដ្ឋានអភិរក្ស ប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ របស់អាជ្ញាធរជាតិអប្សរា បាននឹងកំពុងមមាញឹកក្នុងការ ចាត់វិធានការទល់ទ្រពង្រឹង ដើម្បីជួយសង្រ្គោះប្រាសាទតាដុងនេះ ឱ្យជៀសផុតពីហានិភ័យ ក្នុងដំណាក់កាលទី១។ ការងារនេះត្រូវបានធ្វើឡើងបន្ទាប់ពី ក្រុមការងារបានមើលឃើញ ពីហានិភ័យរបស់ប្រាសាទតាដុងនេះ។
មន្ត្រីបច្ចេកទេសរូបនេះ បានឲ្យដឹងបន្ថែមថា ការងារនេះធ្វើឡើង ក្នុងគោលបំណងអភិរក្ស និងអភិវឌ្ឍន៍ប្រាង្គប្រាសាទបុរាណមួយនេះ បានគង់វង្សយូរអង្វែងជា កេរតំណែលទុកអោយកូនចៅ ជំនាន់ក្រោយបានស្គាល់ និងទស្សនា។ ចំពោះការទល់ទ្រប្រាសាទនេះ ក្រុមការងារបច្ចេកទេស បានចាប់ផ្ដើមដំណើរការពីថ្ងៃទី២៤ ខែកក្កដាមកម្លេះដោយ ក្រុមការងារបានរៀបចំ ទល់ទ្រសង្រ្គោះបន្ទាន់ នៅតាមផ្នែកជញ្ជាំងខាងកើត ខណ:ដែលឥដ្ឋប្រាសាទ ដែលមានសភាព ចាស់ពុកផុយបម្រុងជ្រុះធ្លាក់ និងសម្អាតបរិវេណជុំវិញប្រាសាទ។ ជាមួយគ្នានោះ ក្រុមអ្នកបច្ចេកទេសក៏បានធ្វើការសិក្សា និងលើកគម្រោងជួសជុល ដើម្បីលើកតម្លៃប្រាសាទតាដុង សម្រាប់ផែនការឆ្នាំខាងមុខបន្ថែមទៀត។
សូមបញ្ជាក់ថា ប្រាសាទតាដុងកសាងឡើងអំពីឥដ្ឋ បែរមុខទៅទិសខាងកើត ក្នុងរចនាបទគូលែន នាអំឡុងសតវត្សរ៍ទី៩ នៃគ.ស មានទីតាំងស្ថិតនៅភាគខាងកើតនៃ ជម្រាលជើងភ្នំគូលែន ក្នុងភូមិជប់លើឃុំស្វាយលើ ស្រុកស្វាយលើ។ បច្ចុប្បន្ន ឥដ្ឋ នៃខឿនមួយផ្នែករបស់ ប្រាសាទនេះបានពុកផុយ ជ្រុះធ្លាក់យ៉ាងខ្លាំង ដោយសារតែមានដើមឈើដុះលើជញ្ជាំង និងដំបូលប្រាសាទ។ ចំណែករួតទី១ ផ្នែកខាងកើតក៏ជ្រុះធ្លាក់ដោយ សារដើមឈើរលំលើ បណ្ដាលឱ្យមានស្នាមប្រេះ ហែកជញ្ជាំងទាំងបីជ្រុង ៕






