ឃាត់ខ្លួន អ្នកញៀនល្បែង៥នាក់ នៅស្រុកលើកដែក

0

ភ្នំពេញ៖ ក្រោមការបញ្ជាដឹកនាំ ដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមធ្វេីការឆ្លើយតប ជូនសាធារណជន និងម្ចាស់គណនីហ្វេសប៊ុក សុំមិនបញ្ចេញឈ្មោះ ដែលបានខមិន ក្នុងហ្វេសប៊ុកផេកស្នងការដ្ឋាន នគរបាលខេត្តកណ្ដាល មានខ្លឹមសារថា៖​ សូមជួយមើលផង លោកពូល្បែងសុីសងច្រើនណាស់ នៅភូមិកំពង់ពោធិ៍ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល។

បន្ទាប់ពីទទួលបានព័ត៌មាន ខាងលេីភ្លាម ដោយមានការចង្អុល បង្ហាញពីក្រុមការងារព័ត៏មាន និងប្រតិកម្មរហ័សខេត្ត លោកវរសេនីយ៍ឯក អាំ ធូ អធិការនគរបាលស្រុកលើកដែក បានបញ្ជាឱ្យកម្លាំងប៉ុស្តិ៍នគរបាល រដ្ឋបាលកំពង់ភ្នំ សហការជាមួយកម្លាំង ផ្នែកជំនាញយុត្តិធម៌ស្រុក ចុះស្រាវជ្រាវបង្រ្កាប ករណីខាងលើ។

ជាលទ្ធផល៖ នៅថ្ងៃព្រហស្បត្តិ៍ ១១ កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ១៥និង៣៥នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ភ្នំ បានដាក់កម្លាំង ស្រាវជ្រាវនិងបង្រ្កាប នៅចំណុចផ្ទះឈ្មោះ ម៉ិល សុភី ស្ថិតភូមិកំពង់ពោធិ៍ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល បានឃាត់ខ្លួនមុខសញ្ញាកំពុងលេងល្បែងស៊ីសង ចំនួន០៥នាក់ និងចាប់យកវត្ថុតាងមួយចំនួន រួមមាន៖
១- ឈ្មោះ ម៉ិល សុភី ភេទស្រី អាយុ៥៦ឆ្នាំនៅភូមិកំពង់ពោធ៍
២-ឈ្មោះ សាត ទី ភេទស្រី អាយុ ៣៦ឆ្នាំ នៅភូមិកំពង់ពោធិ៍
៣-ឈ្មោះ វ៉ន ញ៉ឹប ភេទស្រី អាយុ ៥១ ឆ្នាំនៅភូមិកំពង់ពោធិ៍
៤-ឈ្មោះ ផាត ម៉ាប់ ភេទស្រី អាយុ ៣៣ ឆ្នាំ នៅភូមិកំពង់ពោធិ៍
៥-ឈ្មោះ ហេង សៀងង៉ ភេទស្រី អាយុ ៥៤ឆ្នាំ នៅភូមិក្បាលជ្រោយ។

+វត្ថុតាងចាប់យករួមមាន៖
១-បៀរនីឡុងចំនួន ១០៣ សន្លឹក
២-ប្រអប់បៀរចំនួន ០២
៣-ទូរសព្ទ័ OPPO ០១ គ្រឿង
៤-កន្សែងពណ៍ក្រហមចំនួន ០១
៥-កំប៉ុងជរ័ចំនួន ០១
៦-លុយចំនួន ១០២,៥០០ រៀល។

ក្រោយពីធ្វើការបង្រ្កាប កម្លាំងសមត្ថកិច្ចបានបញ្ជូន អ្នកពាក់ព័ន្ធទាំង០៥នាក់ រួមទាំងវត្ថុតាង មកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ភ្នំ។ បន្ទាប់ពីសួរនាំរួច ដោយផ្អែកតាមចម្លើយសារភាព ឃើញថាអ្នកទាំង០៥នាក់ បានលេងល្បែង(បៀរ) ស៊ីគូថៃតិចតួច កម្លាំងសមត្ថកិច្ចបានធ្វើកិច្ចសន្យា ណែនាំ អប់រំ ជាលើកទី១ ឲ្យបញ្ឈប់ដាច់ខាតការប្រមូលផ្តុំគ្នា លេងល្បែងស៊ីសង គ្រប់ប្រភេទ ចាប់ពីពេលនេះតទៅ រួចឲ្យពួកគាត់ត្រឡប់ ទៅគេហដ្ឋានវិញ៕