ភ្នំពេញ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ បានចាប់ឃាត់ខ្លួនបុរសម្នាក់ ជាអ្នកកាសែតមានប្រើប្រាស់ អាវុធខុសច្បាប់ និងជាមុខសញ្ញាលក់ចែកចាយគ្រឿងញៀននៅក្នុង ភូមិសាស្ត្រខណ្ឌប្ញស្សីកែវ ខណៈដែលបុរសរូបនេះកំពុង ធ្វើដំណើរដោយម៉ូតូតាមផ្លូវសាធារណៈ នៅរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ត្រង់ចំណុចស្តុបផ្លូវលេខ៥៩៨ កែងផ្លូវជាតិលេខ៥ ក្រុម៣ ភូមិ៣ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាធានីភ្នំពេញ ។
លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌប្ញស្សីកែវ មានប្រសាសន៍ថា ជនសង្ស័យឈ្មោះ ម៉ន តេវ ភេទប្រុស អាយុ៤២ឆ្នាំ ជាអ្នកកាសែតកាន់លិខិតបេសកកម្មអង្គភាពបារមីភ្នំជីសូរ ធីវីអនឡាញ រស់នៅផ្ទះ៦៩០Eo ក្រុម៤ ភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ ត្រូវបានកម្លាំងសមត្ថកិច្ច ចាប់ខ្លួនក្រោយពីតាមដានស្រាវជ្រាវស៊ើបអង្កេតថា ជននេះមានប្រើប្រាស់អាវុធខុសច្បាប់ និងជាមុខសញ្ញាលក់ ចែកចាយគ្រឿងញៀន តាមការផ្តល់ព័ត៌មាន របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។ ជនសង្ស័យត្រូវបានកម្លាំង នគរបាលខណ្ឌប្ញស្សីកែវ យកទៅធ្វើតេស្តទឹកនោម គឺមានផ្ទុកសារធាតុញៀនក្នុងខ្លួនផងដែរ ។
លោកអធិការនគរបាលខណ្ឌប្ញស្សីកែវ ប្រាប់ឱ្យដឹងទៀតថា ជាមួយនឹងការចាប់ឃាត់ខ្លួនជនសង្ស័យ គឺសមត្ថកិច្ចបានឆែកឆេរ ត្រួតពិនិត្យដកហូត អាវុធខ្លី១ដើម ម៉ាក lock 17 គ្មានលេខ, ID ០១គ្រឿង, ម៉ូតូ១គ្រឿងម៉ាក M Slaz ស្លាកលេខភ្នំពេញ 1HR-4555 និងលិខិតបេសកកម្មអ្នកសារព័ត៌មាន ១សន្លឹក, លិខិតប្រើប្រាស់ ID ០១សន្លឹក និងកាតសម្គាល់ខ្លួនជាអ្នកសារព័ត៌មាន ១សន្លឹក ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំង នគរបាលខណ្ឌប្ញស្សីកែវកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី ៕