ឆ្លងចរន្តអគ្គិសនី ឆេះផ្ទះទូកុងទឺន័រ មួយកន្លែង នៅសង្កាត់ចាក់អង្រែលើ

0

ភ្នំពេញ ៖ មានករណីគ្រោះអគ្គិភ័យមួយ បានកើតឡើង នៅវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ ស្ថិតនៅចំណុចផ្លូវ៦០ម៉ែត្រ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រមទាំងឆាបឆេះអស់សម្ភារៈមួយចំនួនផងដែរ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ម្ចាស់មានឈ្មោះ ប៊ិន ស៊ិនណារុង ភេទប្រុស អាយុ ៣៨ឆ្នាំ ជាអ្នកគ្រប់គ្រង មូលហេតុដែលបណ្ដាលឲ្យមានអគ្គិភ័យនេះ ដោយសារតែការឆ្លងចរន្តអគ្គិសនី។

លោកនាយការិយាល័យ បានបញ្ចាក់ថា ក្នុងហេតុការណ៍មួយនេះ បានបំផ្លាញផ្ទះទូកុងទឺន័រ មួយទំហំ ៤ម៉ែត្រ គុណ ៤ម៉ែត្រ សម្ភារៈ ប្រើប្រាស់ក្នុងទូកុងទឺន័រអស់មួយចំនួន និងពុំបណ្តាលឲ្យឆេះរាលដាលដល់ ផ្ទះអ្នកជិតខាងឡើយ។

សម្រាប់ប្រតិបត្តិការសង្គ្រោះវិញ សមត្ថកិច្ចប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន ៣គ្រឿង ប្រើប្រាស់ទឹកអស់ ៤ឡាន ស្មើ ១៨ម៉ែត្រគូប, រថយន្តជំនួយមកពីក្រសួងមហាផ្ទៃ ចំនួន ២គ្រឿង ប្រើប្រាស់ទឹកអស់ ២ឡាន ស្មើ ១២ម៉ែត្រគូប ទើបរលត់ទាំងស្រុង នៅវេលាម៉ោង១០និង៥០នាទីយប់ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១៕