ភ្នំពេញ៖ យុវជនម្នាក់ជាកម្មករ ស្តង់លក់និងទិញដំឡូងមី បានស្លាប់ភ្លាមៗ នៅនឹងកន្លែង ខណៈពេលដែលកំពុងបូមខ្សល់ កង់គោយន្តកន្ត្រៃ លើសចំណុះបណ្តាលឲ្យផ្ទុះ។ ហេតុការណ៍នេះ បង្កឲ្យភ្ញាក់ផ្អើលឡើង នៅវេលាម៉ោង១និង៤៥នាទីរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ នៅចំណុចស្តង់ទិញនិងលក់ដំឡូងមី ស្ថិតក្នុងភូមិអំពិល ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
ប្រភពព័ត៌មានពីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ដាំ សាវិន ភេទប្រុស អាយុ១៧ឆ្នាំ ជាពលរដ្ឋរស់នៅភូមិជន្លាសដៃ ឃុំគោកកឋិន ស្រុកថ្មពួក បានទៅធ្វើកម្មករស៊ីឈ្នួលកិន និង ហាលស្តង់ដំឡូងមីដែលមានម្ចាស់ឈ្មោះ គៀវ នៅភូមិអំពិល ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
ប្រភពដដែលបានបញ្ជាក់ថា៖នៅមុនពេលកើតហេតុជនរងគ្រោះ បានរាស់ដំឡូងមីដែលកិនហើយ ដើម្បីវៀចហាលស្រាប់តែកង់គោយន្តខាងឆ្វេងធូ ពេលនោះជនរងគ្រោះបានបើកទៅបូមខ្សល់កង់នៅកន្លែង ស្តង់ នៅពេលកំពុងបូមខ្សល់នោះជនរងគ្រោះរវល់តែនិយាយលេងជាមួយអ្នកផ្សេង ភ្លេចមើលទម្ងន់ខ្សល់បណ្តាលឲ្យលើសចំណុះផ្ទុះកង់តែម្តង ហើយត្រូវថាសកង់គោយន្តរបូតប៉ើងបុកត្រូវចិញ្ចើមខាងឆ្វេងស្លាប់ភ្លាមៗនៅនឹង កន្លែង ។សពត្រូវបានក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕