ភ្នំពេញ ៖ ជនសង្ស័យ ៣នាក់ ត្រូវបានសមត្ថកិច្ច ធ្វើការឃាត់ខ្លួន នៅចំណុចភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ពាក់ព័ន្ធករណីប៉ុនប៉ង នាំពលរដ្ឋខ្មែរ ឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ។
យោងតាមអគ្គស្នងការ នគរបាលជាតិ បានឱ្យដឹងថា ក្នុងនោះបានឃាត់ខ្លួន ជនសង្ស័យបានចំនួន០៣នាក់ រថយន្តប្រភេទដឹកជញ្ជូន ម៉ាកសាំយ៉ុងចំនួន ០២គ្រឿង ដោយមានប្រជាពលរដ្ឋ ដែលសន្និដ្ឋានថាជាពលករ និងកូនចៅរបស់គាត់ ជាជនរងគ្រោះក្នុងអំពើនាំចេញ នេះចំនួន ៤៤នាក់ ស្រីចំនួន ១០នាក់ អនីតិជនចំនួន ១២នាក់ ស្រី០១នាក់ ហើយពួកគាត់ទាំងអស់ ជាអ្នករស់នៅឯខេត្តកំពង់ចាម។
មេខ្យល់ទាំង០៣នាក់នោះមាន៖
១.ឈ្មោះ ហេង ច័ន្ទដារា ភេទប្រុស អាយុ៣៦ ឆ្នាំរស់នៅភូមិត្របែក ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម ជាអ្នកដឹកជញ្ជូន
២.ឈ្មោះ ឆេន រ័ត្នវ័ន ភេទប្រុស អាយុ ៤១ឆ្នាំ រស់នៅភូមិពពិត ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម ជាអ្នកដឹកជញ្ជូន
៣.ឈ្មោះ សេង ឈុន ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិចុង ឃុំសំបូរ ស្រុកបាធាយខេត្តកំពង់ចាម ជាអ្នកដេីរប្រមូលមនុស្ស។
បច្ចុប្បន្នមេខ្យល់ទាំង០៣នាក់ និងរថយន្ត ត្រូវបានសមត្ថកិច្ចនគរបាលស្រុក កសាងសំណុំរឿងបញ្ជូនមក ការិយាល័យជំនាញ ដើម្បីអនុវត្តតាមច្បាប់ រីឯប្រជាពលរដ្ឋរងគ្រោះ បានអប់រំណែនាំ ឱ្យវិលទៅលំនៅដ្ឋានវិញ៕